ប៉េកាំង ៖
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ជាគុន (Guo Jiakun) បានប្រកាសនៅថ្ងៃនេះថា ភាគីកម្ពុជា និងថៃ បានបង្ហាញឆន្ទៈក្នុងការកាត់បន្ថយ ភាពតានតឹង និងឈានទៅអនុវត្តបទឈប់បាញ់។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក វ៉ាង យី បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃនៅថ្ងៃទី១៨ ខែធ្នូ នេះ។
លោក វ៉ាង យី បានបញ្ជាក់ប្រាប់ភាគីទាំងពីរថា ចិនប្រកាន់ជំហរយុត្តិធម៌ និងអព្យាក្រឹត ហើយគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។ ដើម្បីជួយដល់ដំណើរការនេះ ក្រសួងការបរទេសចិនបានបញ្ជូនបេសកជនពិសេសទទួល បន្ទុកកិច្ចការអាស៊ី ឱ្យទៅបំពេញបេសកកម្មការទូតនៅកម្ពុជា និងថៃរួចហើយ។
លោក គួ បានបន្ថែមថា ចិននឹងបន្តដើរតួជាស្ពាន និងខិតខំប្រឹងប្រែងប្រកបដោយភាព ស្ថាបនា ដើម្បីជួយសម្រួលដល់ការស្តារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ៕
