លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសបញ្ជាក់ពីការរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងនៅឆ្នេរសមុទ្រនៃប្រទេសវេណេស៊ូអេឡា។ សកម្មភាពនេះ កាន់តែបង្កើនភាពតានតឹងជាមួយទីក្រុងការ៉ាកាស ហើយក៏ជំរុញឲ្យតម្លៃប្រេងកើនឡើងផងដែរ ខណៈដែលការរឹបអូសនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីតាមប្រមាញ់ប្រេងរបស់ប្រទេសវេណេស៊ូអេឡា ដែលជាប្រភពចំណូលសំខាន់របស់ប្រទេសនេះ ហើយក៏ជាសកម្មភាពលើកដំបូង ប្រឆាំងនឹងកប៉ាល់ដឹកប្រេង ចាប់តាំងពីលោកប្រធានាធិបតី ត្រាំ ដាក់ពង្រាយកងកម្លាំងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់តំបន់សមុទ្រការ៉ាប៊ីន និងការវាយប្រហារលើទូកនិងនាវាដែលខ្លួនចោទប្រកាន់ថាដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់នោះ។