មួយរយៈកន្លងមកនេះតារាសម្តែងស្រីឈានមុខប្រចាំប្រទេសកម្ពុជា ស៊ីន យូប៊ីន ទទួលរងនូវការរិះគន់យ៉ាសចាស់ដៃពីសំណាក់បងប្អូនខ្មែរនៅទូទាំងប្រទេស ក៏ព្រោះតែគេយល់ឃើញថា នាងមិនបានប្រើប្រាស់សំឡេងដ៏មានឥទ្ធិពលរបស់ខ្លួននិយាយពីបញ្ហាសង្គ្រាមដែលកំពុងកើតមានឡើងនៅកម្ពុជានោះទេ ខណៈនៅតាមបណ្តោយព្រំដែនកម្ពុជា ត្រូវបានរងការវាយប្រហារគ្រប់សកម្មភាពពីសំណាក់យោធាថៃ។ ក្រោយពេលមានការវែកញែកពេញបណ្តាញសង្គម ជុំវិញនឹងការស្ងប់ស្ងាត់របស់នាងស្ទើរតែគ្រប់បណ្តាញសង្គម ដែលមិនបានចេញមុខមកនិយាយប្រឆាំងពីការឈ្លានពានរបស់ថៃ ស្រាប់តែតារាស្រីរូបនេះ បានបញ្ចេញវីដេអូមួយនៅលើ Instagram បង្ហាញពីការបួងសួងដល់វត្ថុស័ក្តិសិទ្ធិជួយឃុំគ្រងវីរកងទ័ពឱ្យមានសុខសុវត្ថិភាព និងបង្ហាញពីការដឹងគុណដឹងគុណផងដែរ ចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពខ្មែរ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។
យ៉ាងណាមិញវីដេអូនេះ ហាក់មិនទទួលបានសាទរពីមហាជននោះឡើង ដោយពួកគេចង់ឱ្យតារាស្រីរូបនេះ និយាយជាភាសាបរទេស ពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃ និងការទាមទារស្វែងរកសន្តិភាពជូនកម្ពុជាជាដើម។
ដ្បិតថាយ៉ាងនេះក្តី យូប៊ីន មិនបានតបតនឹងការរិះគន់របស់មហាជននោះឡើយ ហើយនាងនៅតែបន្តការស្ងៀមស្ងាត់ដដែល ប៉ុន្តែថ្មីៗនេះ មហាជនបែរជាផ្ទុះការចាប់អារម្មណ៍សារជាថ្មីម្តងទៀត បន្ទាប់ពីតារាស្រីរូបនេះបានរួមចំណែកបរិច្ចាគអង្ករចំនួន ៣ តោនជូនទៅកាន់បងប្អូនជនភៀសសឹក តាមរយៈមូលនិធិរបស់ VinMart។ នេះបើតាមការឱ្យដឹងពីអ្នកផលិតមាតិកា សាយទី។
សូមបញ្ជាក់ថា ការចូលរួមសកម្មភាពសប្បុរធម៌របស់តារាសម្តែងស្រី ស៊ីន យូប៊ីន មិនមែនទើបតែចូលរួមជាលើកដំបូងនោះទេ ដោយកន្លងមកនាង និងដៃគូសម្តែងប្រុសរបស់នាង គឺលោក ខាត់ វៃហាំង ក៏តែងតែបង្កើតយុទ្ធនាការសប្បុរធម៌នេះដូចគ្នាដែរ៕
