លោកនាយករដ្ឋមន្ត្រីប្រទេសថៃ អនុទីន ចាន់វីរៈគុល បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនរបស់លោកកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី11 ខែធ្នូថា លោកកំពុង «ប្រគល់អំណាចទៅឲ្យប្រជាជនវិញ» ហើយត្រៀមខ្លួនក្នុងការរំលាយសភា និងបើកផ្លូវសម្រាប់ការបោះឆ្នោត មុនការរំពឹងទុក។ លោក អនុទីន បានដាក់សំណើសុំរំលាយសភាទៅកាន់ព្រះមហាក្សត្រថៃ នឹងត្រូវបានលាយព្រះហស្ថលេខាយល់ព្រម ខណៈដែលការបោះឆ្នោត នឹងត្រូវតែធ្វើឡើងក្នុងរយៈពេលពី 45 ទៅ 60 ថ្ងៃទៀត នេះបើយោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។ គួរបញ្ជាក់ផងដែរថា លោក អនុទីន ធ្លាប់បានប្រកាសកាលពីខែកញ្ញាកន្លងទៅថា លោកមានគម្រោងរំលាយសភានៅចុងខែមករាឆ្នាំ 2026 ខាងមុខ ហើយការបោះឆ្នោតទូទៅនឹងត្រូវធ្វើឡើងនៅខែមីនា ឬដើមខែមេសា ប៉ុន្តែយោងតាមវិបត្តិនយោបាយ សេដ្ឋកិច្ច ភាពចលាចលក្នុងប្រទេស ជាពិសេសេជម្លោះព្រំដែនជាមួយប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទើបជំរុញឲ្យលោកសម្រេចធ្វើដូច្នេះ។
