ភ្នំពេញ៖
ម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿង បានបើកលឿនជ្រុលទៅបុកម៉ូតូស្តុបពីមួយគ្រឿង ឆ្លងផ្លូវបណ្តាលអោយដួល ហើយ ត្រូវម៉ូតូម៉ាកហុងដាប៊ិត កិនពីលើជនរងគ្រោះ បណ្តាលឲ្យដួលបោកលើថ្នល់ រងរបួសធ្ងន់ស្រាល៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៥នៅតាមផ្លូបេតុង (ផ្លូវតាកន)ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូដែលជួបគ្រោះថ្នាក់ ១. ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១KE.១៧០៦ ,២. ម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១KM.៦៣៨៣ និង៣.ម៉ូតូម៉ាកហុងដាប៊ិត ពាក់ស្លាកលេខភ្នំពេញ១KK.១៣៥៨។
តាមសាក្សី បានឱ្យដឹងថានៅមុនពេលកើតហេតុ គេ ឃើញម៉ូតូម៉ាកហុងដាសេ១២៥ ជិះម្នាក់ឯង ធ្វើដំណើរពីកើតទៅលិច ហើយ ក៏បានបុកម៉ូតូម៉ាកស្កុបពី ជិះម្នាក់ឯងធ្វើដំណើរឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលអោយម៉ូតូទាំង២គ្រឿងដួលបោកលើថ្នល់រងរបួស។
ខណៈនោះ ម៉ូតូម៉ាកហុងដាប៊ិត ជិះគ្នា២នាក់ធ្វើដំណើរពីលិចទៅកើតមកកិនលើជនរងគ្រោះជិះម៉ូតូហុងដា បណ្តាលអោយដួលរងរបួសស្រាល។ បន្ទាប់ពីកើតមានគ្រោះថ្នាក់នគរបាលមូលដ្ឋាន ចុះទៅកន្លែងកើតហេតុ សម្រួលចរាចរណ៍ ហើយ ភាគីទាំងបីនាក់ ក៏បានសម្របសម្រួលគ្នាដោយសុំស្មើរៀងៗខ្លួន បញ្ចប់នៅនិងកន្លែង៕
