នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន លោកប្រធានាធិបតីប្រទេសបារាំង អែម៉ានូអែល ម៉ាក្រុង បានអំពាវនាវឲ្យមានទំនាក់ទំនងសេដ្ឋកិច្ចស្មើភាពគ្នារវាងចិន និងអឺរ៉ុប ស្របពេលដែលអឺរ៉ុប កំពុងស្វែងរកការធ្វើឲ្យមានតុល្យភាពឡើងវិញ នូវការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងសន្តិសុខពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ម៉ាក្រុង ក៏បានអំពាវនាវឲ្យប្រទេសចិន ធ្វើការគាំទ្រដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។ ជាការឆ្លើយតប លោកប្រធានាធិបតីប្រទេសចិន ស៊ី ជីនពីង បានបញ្ជាក់ថា ប្រទេសចិន នៅតែរក្សាការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់សន្តិភាពទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងតំបន់ហ្គាហ្សា។ គួរបញ្ជាក់ផងដែរថា មេដឹកនាំទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន 12 ព្រមទាំងសន្យាថានឹងបន្តពង្រឹងទំនាក់ទំនងលើវិស័យជាច្រើន ក្នុងនោះរួមមាន កិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ ថាមពលនុយក្លេអ៊ែរ បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចបៃតង និងជីវឱសថផងដែរ។