យោងតាមក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា កងទ័ពរុស្ស៊ី បានបើកការវាយប្រហារលើទីតាំងយោធា និងប្រព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែនជាច្រើនកន្លែង ក៏ដូចទីតាំងគ្រឿងសព្វាវុធរបស់ប្រទេសនេះ។ លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី ក៏បានបញ្ជាក់ថា រុស្ស៊ី បានបើកការវាយប្រហារតាមអាកាសលើអ៊ុយក្រែន ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រមាណ 450 គ្រឿង និងគ្រាប់មីស៊ីល 30 គ្រាប់ ដែលភាគច្រើនកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស។ លោកប្រធានាធិបតី ហ្សេលេនស្គី ក៏បានលើកឡើងថា លោកនឹងជួបជាមួយមន្ត្រីតំណាងសហរដ្ឋអាមេរិក និងអឺរ៉ុបនៅក្នុងទីក្រុងប៊ែរឡាំង ដើម្បីពិភាក្សាអំពី «មូលដ្ឋានគ្រឹះនៃសន្តិភាព» ខណៈដែលលោកសង្កត់ធ្ងន់ថា អ៊ុយក្រែន ត្រូវការសន្តិភាព និងការធានាមួយថា រុស្ស៊ី ដែលបានឈ្លានពានលើប្រទេសរបស់លោកកាលពីឆ្នាំ 2022 នឹងមិនធ្វើការវាយប្រហារជាថ្មីម្តងទៀត។