ដូចដែលមហាជនបានជ្រាបស្រាប់ហើយ កាលពីប៉ុន្មានខែមុននេះ កញ្ញា រ៉េត សារីតា បានរងការរិះគន់យ៉ាងចាស់ដៃ ជុំវិញការបង្ហោះសារមួយរៀបរាប់ថា កុំយកទុក្ខអ្នកដទៃមកលេងសើច ឱ្យរក្សាភាពថ្លៃថ្នូរជាកូនខ្មែរ។ ការបង្ហោះសារក្នុងន័យវិជ្ជមាន និងបំណងល្អបែបនេះ នាងបែរជាត្រូវបានមហាជនបង្ហាញការមិនពេញចិត្តទៅវិញ។ 

ដោយឡែកថ្មីៗនេះ មហាជនស្រាប់តែទាមទារឱ្យ រ៉េត សារីតា បង្ហាញមុខផ្ញើសារជាសំឡេងទៅកាន់ប្រជាជននៅលើពិភពលោក ខណៈពេលដែលនាងហាក់ស្ងប់ស្ងាត់ពីបណ្តាញសង្គម អំឡុងពេលដែលថៃបាននិងកំពុងធ្វើការឈ្លានពានមកលើកម្ពុជាសារជាថ្មី។ ក្រោយទទួលបានការសួររក និងការរិះគន់នៅតែបន្តមានជាហូរហែ ស្រាប់តែនៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បវរកញ្ញារូបនេះបានចេញវីដេអូបកស្រាយនៅលើបណ្តាញសង្គម ដើម្បីឱ្យបងប្អូនអស់ចម្ងល់ពីការស្ងប់ស្ងាត់របស់នាង។ នៅក្នុងវីដេអូនោះ សារីតា បានឱ្យដឹងថា ការដែលខ្លួនឃ្លាតឆ្ងាញពីបណ្តាញសង្គម ក៏ដោយសារនាងកំពុងជាប់បំពេញភារកិច្ចនៅឯប្រទេសសិង្ហបុរី។ នាងបន្តថា រឿងជម្លោះព្រំដែនរវាងកម្ពុជាថៃ នាងក៏បានដឹងផងដែរ ហើយនាងតែងតែសួរនាំតាមរយៈការតេតាមទូរស័ព្ទ ពីស្ថានភាពនៅក្នុងប្រទេសជានិច្ច ប៉ុន្តែដោយចង់ផ្តោតទៅលើការងារដែលខ្លួនបានទទួលឱ្យចេញមកបានផ្លែផ្កាល្អ និងមិនចង់ឱ្យគេមើលងាយថាខ្មែរយកអារម្មណ៍មកធ្វើការ ទើប សារីតា សម្រេចចិត្តលុបបណ្តាញសង្គមចោលទាំងអស់។ 

យ៉ាងណាមិញ ជុំវិញការបង្ហោះសំណេរកាលពីប៉ុន្មានខែកន្លងមក ដែលធ្វើឱ្យមហាជននាំគ្នាមករិះគន់មិនសំចៃដៃ សារីតា ក៏បានឱ្យដឹងដែរថា ការបង្ហោះសំណេរគ្រានោះ នាងគ្មានបំណងណាមួយដែលកាន់ជើងជនជាតិថៃនោះទេ។ សារីតា ក៏បានស្នើសុំឱ្យមហាជនបើកចិត្តអាន ដោយមានការថ្លឹងថ្លែង និងពិចារណានូវការបង្ហោះសាររបស់ខ្លួន ថាគ្មានហេតុផលណាមួយតម្រូវឱ្យនាងចូលខាងជនជាតិថៃនោះឡើយ ព្រោះជនជាតិនេះគ្មានតម្លៃសម្រាប់នាងនិយាយដល់សូម្បីតែបន្តិច ប៉ុន្តែជាការបង្ហាញឱ្យមនុស្សនៅទូទាំងពិភពលោកឃើញថា ជនជាតិខ្មែរ ជាជនជាតិមួយដែលមានចំណេះដឹង និងភាពថ្លៃថ្នូរជាដើម។ 

កញ្ញា រ៉េត សារីតា ក៏បានសន្យាជាមួយបងប្អូនខ្មែរដែរថា នឹងមិនទៅណាចោលគ្នានោះទេ ហើយបន្ទាប់ពីបញ្ចប់ភារកិច្ចនៅប្រទេសសិង្ហបុរីនាប៉ុន្មានថ្ងៃខាងមុខនេះ នាងនឹងជួយបងប្អូនជនភៀសសឹក តាមលទ្ធភាពដែលអាចទៅរួច។ សារីតា ក៏បានលើកទឹកចិត្តដល់បងប្អូនខ្មែរ ឱ្យចេះស្រឡាញ់គ្នា និងពួតដៃគ្នានៅក្នុងគ្រាមានអាសន្នបែបនេះ៕