ភ្នំពេញ៖ 

ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូមិត្តភក្ដិរបស់ខ្លួន១គ្រឿងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៨និង០០នាទីល្ងាច នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«ហ្វីតលី» ស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប៉ុន្តែគេចខ្លួនបានត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ក៏ត្រូវបាននគរបាលប៉ស្តិ៍ចោមចៅទី៣ជួយ ស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពចាប់ខ្លួន រួចនាំទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។

ជនសង្ស័យ ឈ្មោះ ផាន សិលា ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី២ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ២០និង៣០នាទីយប់)។

ជនរងគ្រោះ ឈ្មោះ ណាន មករា ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងមានទីនៅភូមិសន្ទៃ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

សម្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនសង្ស័យនិងជនរងគ្រោះគឺជាមិត្តភក្ដិនិងគ្នា ហើយកន្លងមក ជនសង្ស័យ ធ្លាប់ខ្ចីម៉ូតូជនរងគ្រោះ ជិះ និង បានលួចចម្លងកូនសោទុកជាប់ខ្លួន ហើយ នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូរបស់ខ្លួនម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៦ លេខតួ+លេខម៉ាស៊ីន ០៣៩៣៧៨២ ពាក់ផ្លាកលេខ ភ្នំពេញ 1MB-6425 ធ្វើការរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ ហ្វីតលី ។ 

ខណៈពេលទៅដល់រោងចក្រ សន្តិសុខបានប្រគល់ប័ណ្ណផ្ញើរម៉ូតូចំនួន២សន្លឹកឲ្យទៅជនរងគ្រោះហើយជនរងគ្រោះក៏បានដាក់ប័ណ្ណផ្ញើម៉ូតូនៅក្រោមកែបម៉ូតូ បន្ទាប់មក ក៏ចូលទៅធ្វើការធម្មតា ។ខណៈនោះ ជនសង្ស័យដែលមានសោចម្លជាប់ខ្លួន ក៏បានចាក់បើកកែបយកប័ណ្ណផ្ញើរម៉ូតូប្រគល់ឲ្យសន្តិសុខរួចលួចយលម៉ូតូនោះជិះគេចខ្លួនបាត់ ។

ប្រភពដដែល បានប្រាប់បន្តថា លុះក្រោយពេលចេញពីធ្វើការ  ជនរងគ្រោះបានដើរទៅរកម៉ូតូដើម្បីជិះត្រលប់ទៅផ្ទះវិញ ស្រាប់តែបាត់ម៉ូតូ ក៏បានទៅរាយការណ៍ប្រាប់ដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍តែម្តង ។

រហូតមកដល់ថ្ងៃទី២៥ ខែធ្នូ វេលាម៉ោង១៥និង ៣០នាទីរសៀល ជនរងគ្រោះ បានសហការជាមួយកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ទើបកំណត់មុខសញ្ញាជនសង្ស័យ ហើយ ឈានដល់ចាប់ឃាត់ខ្លួន និងដកវតហូតម៉ូតូខាងលើនៅតាមផ្លូវបេតុង មុខបន្ទប់ជួល ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រួចនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដើម្បីធ្វើការសាកសួរនិងចាត់ការតាមច្បាប់ ៕