កណ្តាល៖
ឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន រហូតជនសង្ស័យ ជាកូនប្រុសហ៊ានគម្រាមសម្លាប់ឪពុកខ្លួនឯង និងលោកមេភូមិ ថែមទាំងដេញកាប់សមត្ថកិច្ច តែត្រូវសមត្ថកិច្ចប្រើសិទ្ធស្វ័យការពារទើបអាចឃាត់ខ្លួនបាន ដែលហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៥ នៅចំណុចផ្ទះជនរងគ្រោះស្ថឹតក្នុងភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះ (ជាឪពុកបង្កើត) មានឈ្មោះ សន ឈុនហ៊ា អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ។ ចំនែកជនសង្ស័យ (ជាកូនប្រុសបង្កើត) មាន ឈ្មោះ សន សុីដេត អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិឃុំជាមួយជនរងគ្រោះជាឪពុក ។
វត្ថុតាងចាប់យក៖ កាំបិតផ្គាក់ចំនួន១ដើម, ផ្លែដែកដងធ្វើអំពីឫស្សី, កាំបឹតប៉័ងតោច្នៃដាក់ដងវែង១ដើម , កាំបិតចុងស្រួចច្នៃដាក់ដងវែងចំនួន ១ដើម ,និងផ្លែស្ន ច្នៃដាក់ដងវែងចំនួន០១ ដើម ។
លោកអធិការ បញ្ជាក់បន្ថែមថាជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំហើយតែងគម្រាមសម្លាប់ឪពុកខ្លួនឯងជាច្រើនលើកច្រើនសា។ លុះនៅវេលាថ្ងៃកើតហេតុ ជនសង្ស័យ បានគាស់ដំបូលស័ង្កសីរោងបាយលក់អោយអេដចាយ។ ពេលនោះជនរងគ្រោះជាឪពុក និង លោកមេភូមិឃើញទាន់ ក៏បាននិយាយណែនាំដល់ជនសង្ស័យ ស្រាប់តែជនសង្ស័យមិនទទួលយកការណែនាំ បែជាយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះ ជាឪពុក និងលោកមេភូមិ ហើយដោយមានការភ័យខ្លាច ទើបលោកមេភូមិ បានទូរស័ព្ទមកសមត្ថកិច្ចប៉ុស្តិ៍ខ្ពបអោយជួយអន្តរាគមន៍។
តែពេលសមត្ថកិច្ចមកដល់ ស្រាប់តែជនសង្ស័យបានយកកាំបិតផ្គាក់ដេញកាប់សមត្ថកិច្ចនិងកម្លាំងប្រជាការពារឃុំម្តងទៀត តែដោយកម្លាំងសមត្ថកិច្ច និងប្រជាការពារប្រើសិទ្ធស្វ័យការពារខ្លួន ទើបអាចឃាត់ខ្លួនជនសង្ស័យបាន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
