តារាសម្តែង និងម៉ូដែល ដ៏មានប្រជាប្រិយភាព ទៅលើកិច្ចការងារសង្គម កញ្ញា កុយ អេនណា បែរជាមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមទៅវិញ ខណៈពេលដែលនាងបានបង្ហោះរូបភាពស្លៀកពាក់ស៊ិចស៊ីនៅរីសតមួយកន្លែង។
ការរិះគន់របស់មហាជន ក៏ដោយសារតែពួកគេមានការទើសភ្នែកទៅលើការស្លៀកពាក់របស់តារាស្រីរូបនេះ ថាស៊ិចស៊ីជ្រុសហួសហេតុពេក។ ពួកគេថា នាងមិនសមបញ្ចេញនូវរូបភាពទាំងនោះឡើយ ស្របពេលដែលកេរ្តិ៍ឈ្មោះកំពុងទទួលបានការគាំទ្រពីពុកម៉ែបងប្អូន។ ពួកគេក៏បានស្នើរសុំឱ្យតារានិយមស្លៀកពាក់ស៊ិចស៊ីរូបនេះ ស្លៀកពាក់ឱ្យបានសមរម្យ សមជាស្ត្រីខ្មែរផងដែរ។
ដោយមើលឃើញថា មានការរិះគន់ច្រើនពីមហាជនអ្នកគាំទ្រ ស្រាប់តែកញ្ញា កុយ អេនណា បានតបទៅវិញថា ការស្លៀកពាក់របស់នាង គឺស្លៀកទៅតាមទីកន្លែង និងទៅតាមកាលៈទេសៈតែប៉ុណ្ណោះ។ អេនណា ក៏បានអរគុណសម្រាប់ការណែនាំ ហើយក៏សង្ឃឹមដែរថា សាធារណជននឹងយោគយល់ នៅលើចំណុចទាំងនេះ។
សូមបញ្ជាក់ថា កុយ អេនណា ទទួលបានការគាំទ្រខ្លាំងពីបងប្អូនខ្មែរនៅទូទាំងប្រទេស បន្ទាប់ពីបង្កើតយុទ្ធនាការ ដើរថ្មើរជើងពីភ្នំពេញទៅខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាជួយដល់ជនពិការ និងដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីនោះ នាងក៏ទទួលបានការងារជាច្រើនទៀតផងដែរ ទាំងធ្វើជា BA ឱ្យម្ចាស់ក្រុមហ៊ុនល្បីៗ និងទទួលបានឱកាសសម្តែងនៅក្នុងភាពយន្តខ្នាតធំជាដើម៕
