ក្រោយពេលទាក់ទងគ្នាអស់រយៈពេលជាង ១០ ឆ្នាំ គូស្នេហ៍តារាសម្តែង គីម វូប៊ីន (Kim Woo-bin) និង ស៊ីន មីនអា (Shin Min-a) កំពុងរាប់ថយក្រោយសម្រាប់ថ្ងៃអស្ចារ្យបំផុតនៅក្នុងជីវិតរបស់ពួកគេ។ អ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺ នៅពេលដែលអ្នកធ្វើសក់ប្រចាំឱ្យ ស៊ិន មីនអា (Shin Min-a) បានចែករំលែករូបភាពកាតអញ្ជើញអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះ នៅលើបណ្តាញសង្គម កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ខណៈពេលដែលកាតអញ្ជើញនោះ មានភាពលេចធ្លោដោយរូបគំនូរគូស្នេហ៍ដ៏គួរឱ្យស្រឡាញ់ គូរដោយ ស៊ិន មីនអា (Shin Min-a) ព្រមទាំងសំណេរសរសេរដោយ គីម វូប៊ីន (Kim Woo-bin) ដែលមានខ្លឹមសារយ៉ាងដូច្នេះថា «អ្នកត្រូវបានអញ្ជើញ ចូលរួមក្នុងពិធីមង្គលការរបស់ គីម វូប៊ីន (Kim Woo-bin) និង ស៊ិន មីនអា (Shin Min-a)»។
សូមបញ្ជាក់ថា គីម វូប៊ីន (Kim Woo-bin) និង ស៊ិន មីនអា (Shin Min-a) បានជួបគ្នាជាលើកដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ អំឡុងពេលថតម៉ូតរួមគ្នា ហើយនៅក្នុងខែកក្កដា ឆ្នាំដដែលនេះ ពួកគេបានប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈផងដែរ។ ដ្បិតថាមានដំណឹងល្អពីការរៀបការរបស់ពួកគេក្តី ប៉ុន្តែពួកគេមានអនុស្សាវរីយជាច្រើនជាមួយគ្នា ទាំងរីករាយ និងលំបាក។ ក្នុងនោះ នៅឆ្នាំ ២០១៧ គីម វូប៊ីន (Kim Woo-bin) ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកច្រមុះ ហើយ ស៊ិន មីនអា (Shin Min-a) មិនបានបោះបង់មិត្តប្រុសរបស់ខ្លួននោះឡើង ពោលគឺនាងតែងតែនៅក្បែរដើម្បីមើលថែ និងផ្តល់កម្លាំងចិត្តដល់គូស្នេហ៍របស់នាងរហូត។
យ៉ាងណាមិញ បន្ទាប់ពីហែលឆ្លងនូវរឿងរ៉ាវជាច្រើនជាមួយគ្នា ពេលនេះអ្នកគាំទ្រក៏បាននិងកំពុងសាទរដល់គូស្នេហ៍តារាសម្តែងមួយគូនេះ ខណៈពេលដែលគម្រោងរៀបការ នឹងធ្វើឡើងនៅ ថ្ងៃទី ២០ ខែធ្នូ ខាងមុខនេះហើយ នៅទីក្រុង សេអ៊ូល។ ការរៀបចំពិធីមង្គលការនេះ នឹងធ្វើឡើងជាលក្ខណៈឯកជន មានតែក្រុមគ្រួសារ និង មិត្តភ័ក្តិជិតស្និទ្ធ ប៉ុណ្ណោះដែលត្រូវបានចូលរួម៕
