យោងតាមការចុះផ្សាយរបស់សារព័ត៌ក្នុងស្រុក កាលពីរសៀលថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុន Miss Grand International Public Company Limited ដែលមានលោក «ណាវ៉ាត់ អ៊ីសារ៉ាក់ក្រៃស៊ីល» (Nawat Itsaragrisil) ប្រធានគណៈកម្មាធិការរៀបចំការប្រកួត Miss Universe លើកទី ៧៤ បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ ជុំវិញជម្លោះរវាងកម្មវិធីស្ថាប័ន MU និងកញ្ញា «ហ្វាទីម៉ា ប៊ូស ហ្វឺណាន់ដេស» (Fatima Bosch Fernandez) ដែលជាអ្នកឈ្នះការប្រកួត Miss Universe 2025 ដោយលើកឡើងថា លោកបាននិងកំពុងដាក់ពាក្យប្តឹងទៅលើកញ្ញា ហ្វាទីម៉ា ពីបទបរិហារកេរ្តិ៍។
ការដាក់ពាក្យប្តឹងនេះបានធ្វើឡើងបន្ទាប់ពីកើតមានហេតុការណ៍ចម្រូងចម្រាស់ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងទៅលើ លោក ណាវ៉ាត់ ពីបណ្តាអ្នកតាមដានវិស័យប្រកួតបវរកញ្ញានៅទូទាំងពិភពលោក។ លោក ណាវ៉ាត់ អះអាងថា លោកមិនបានប្រើពាក្យសម្តីធ្ងន់ធ្ងរថា (ដាំហេដ) “Dumbhead” ដែលមានន័យថា «ល្ងង់ខ្លៅ» ទៅលើបវរកញ្ញាតំណាងប្រទេសម៉ិកស៊ិក កញ្ញា ហ្វាទីម៉ា ដូចដែលនាងបានចោទប្រកាន់នោះទេ។ តាមពិតទៅ លោកនិយាយពាក្យថា (ឌែមែគ) “Damage” ដែលមានន័យថា «ការខូចខាត» ក្នុងន័យដាស់តឿនអំពីការធ្វើតាមការបញ្ជារបស់នាយកគ្រប់គ្រងការប្រកួតបវរកញ្ញាជាតិរបស់នាងតែប៉ុណ្ណោះ។
ណាវ៉ាត់ បន្តថា បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ហ្វាទីម៉ា បានផ្តល់បទសម្ភាសន៍បង្កាច់បង្ខូចលោកដល់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន ហើយបើទោះបីជានាងបានដឹងថា វាគ្រាន់តែជាការយល់ច្រលំក៏ដោយ ក៏នាងមិនបានធ្វើការសុំទោសលោក ណាវ៉ាត់ នោះដែរ។ ហ្វាទីម៉ា នៅតែបន្តផ្តល់បទសម្ភាសន៍ជាមួយពាក្យសម្តីមិនពិត ដើម្បីទាមទាររកភាពត្រឹមត្រូវនៅអំឡុងពេលប្រកួតរបស់នាង រហូតបានធ្វើឱ្យនាងឈ្នះមកុដ Miss Universe 2025។
ដោយហេតុផលនេះ លោក ណាវ៉ាត់ បានដាក់ពាក្យប្តឹងរួចរាល់ហើយ នៅក្នុងប្រទេសថៃទៅលើ «ហ្វាទីម៉ា ប៊ូស ហ្វឺណាន់ដេស» (Fatima Bosch Fernandez) តាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ ហើយលោកនឹងបន្តចាត់វិធានការតាមផ្លូវច្បាប់ឱ្យដល់ទីបំផុត ប្រសិនបើមានការរកឃើញកំហុសឆ្គងបន្ថែមទៀត។
សូមបញ្ជាក់ដែរថា លោកក៏បានធ្វើការព្រមានដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឱ្យប្រុងប្រយ័ត្នក្នុងការរាយការណ៍ព័ត៌មានទាក់ទងនឹងបញ្ហាខាងលើ។ ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយណាមួយត្រូវបានរកឃើញថា បានឃុបឃិតគ្នាក្នុងការផ្សព្វផ្សាយព័ត៌មានបរិហារកេរ្តិ៍ អ្នករៀបចំការប្រកួតក៏នឹងបន្តចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយនោះដូចគ្នា ក្នុងនាមជាអ្នកសមគំនិតក្នុងការបរិហារកេរ្តិ៍ផងដែរ៕
