អ្នកគាំទ្រវិស័យ K-Pop កម្ពុជា ប្រាកដជាបានស្គាល់ច្បាស់ហើយនូវក្រុមចម្រៀងចំណូលថ្មីរបស់កូរ៉េ នោះគឺ អេនខាយ (NCHIVE) ដែលកំពុងកសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈទេពកោសល្យដ៏អស្ចារ្យរបស់សមាជិកនីមួយៗ ទៅលើការច្រៀង រាំ និងភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់ដែលពួកគេមាន។ ដ្បិតថាថ្មីនៅលើវិថីសិល្បៈក៏ពិតមែន ប៉ុន្តែក្រុមចម្រៀងមួយនេះ ហាក់កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជននៅទូទាំងពិភពលោក ជាពិសេសអ្នកគាំទ្រនៅកម្ពុជាផ្ទាល់តែម្តង។ ជាក់ស្តែងកាលពីចុងខែកក្កដាកន្លងទៅ ក្រុម អេនខាយ (NCHIVE) ក៏ធ្លាប់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាម្តងរួចមកហើយ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍ ក្រោមឈ្មោះថា «NCHIVE Promotion Cambodia Tour»។ លើសពីនេះ ក្រោយពេលចាកចេញពីប្រទេសកម្ពុជា ក្រុមចម្រៀងបុរសខាងលើ ក៏បានបន្សល់ទុកបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា «LUV+ME» ជាចំណងដៃសម្រាប់ CamSave ដែលជាក្រុមអ្នកគាំទ្រកម្ពុជា ដោយនៅក្នុងវីដេអូចម្រៀងនេះផ្ទាល់ គេក៏សង្កេតឃើញដែរថា ពួកគេបានរំលេចនូវទីតាំងល្បីៗជាច្រើនក្នុងប្រទេសកម្ពុជា រួមមាន ព្រះបរមរាជវាំង វត្តភ្នំ និងកោះរ៉ុងជាដើម។

យ៉ាងណាមិញ ក្រោយទទួលបានភាពជោគជ័យ អេនខាយ (NCHIVE) ក៏បានធ្វើកម្មវិធីប្រគំតន្ត្រីនៅតាមប្រទេសមួយចំនួន ទាំងនៅអឺរ៉ុប និងអាស៊ី។ ក្នុងនោះកម្ពុជា ក៏ជាប្រទេសមួយដែលក្រុមចម្រៀងមួយនេះរើសយកសម្រាប់ការធ្វើ Tour Concert របស់ខ្លួនផងដែរ។

គួរបញ្ជាក់ដែរថា ការប្រគំតន្ត្រី «Live To Believe» របស់ក្រុមចម្រៀង អេនខាយ (NCHIVE) នឹងធ្វើឡើងនៅថ្ងៃទី២៧ - ២៨ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - កូរ៉េ (CKCC)។ ក្នុងនោះតម្លៃសំបុត្រមានបីជម្រើសដូចជា ១២០ ដុល្លារ, ៥០ ដុល្លារ និង ២០ ដុល្លារ៕