ភ្នំពេញ ៖
ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)មួយបន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្ក្រាបដោយឃាត់ខ្លួនជនជាតិវៀតណាមស្រីប្រុសចំនួន២៨នាក់ព្រមទាំងដកហូតសម្ភារៈប្រព្រឹត្តបទល្មើសមួយចំនួន។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ២N បុរីPark villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាង់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ការឆែកឆេរទីតាំងប្រព្រឹត្តបទល្មើសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា នេះបន្ទាប់ពីសមត្ថកិច្ចមានការស្រាវជ្រាវរកឃើញថា ទីតាំងនោះបានឆបោក បែបលោងលោមស្នេហានិងកំហែងទារប្រាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹង ការប្រព្រឹត្ត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។
ក្នុងចំណោមជនសង្ស័យទាំង២៨នាក់ មានជនជាតិវៀតណាមចំនួន២៧នាក់ ( ស្រ្តី០៦នាក់) និងបុរសជនជាតិខ្មែរចំនួន០១នាក់។ ជាមួយគ្នានេះ សមត្ថកិច្ច ក៏បានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន monitor ចំនួន ៣៩គ្រឿង, CPU ចំនួន ១១គ្រឿង, ទូរសព្ទចំនួន១០០គ្រឿង និងស៊ីមកាតមួយចំនួនទៀតផងដែរ។
ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅវែកមុខ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នេះ ខណៈជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន៕
