ភ្នំពេញ៖
បុរសម្នាក់ បានបើករថយន្ដ TOYOTA ALPHARD មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏រ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ ប៉ុន្តែសំណាងល្អ មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣:២០នាទីទៀបភ្លឺថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ មនោរម្យ ខណ្ឌ៧មករា រាជធានី ភ្នំពេញ ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាក TOYOTA ALPHARD ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2CA-4794 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស។ លុះបើកមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតបុក របាំងថ្មពុះចែកផ្លូវ បណ្ដាលឲ្យខ្ទាតចេញកន្លែងដើមទៅផ្លូវ ម្ខាងទៀត បាក់របាំងថ្មពុះចែកទ្រូងផ្លូវចំនួនមួយកង់ ចំណែកឯរថយន្ដ រងការខូចខាត យ៉ាងដំណំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេល ក្រោយ ៕
