លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានថ្លែងបញ្ជាក់ថា រុស្ស៊ី អាចផ្ញើប្រាក់ចំនួន 1 ពាន់លានដុល្លារអាមេរិក ពីទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកដោយអាមេរិក សម្រាប់សមាជិកភាពនៃ 'ក្រុមប្រឹក្សាសន្តិភាព' ពោល គឺបន្ទាប់ពីការអញ្ជើញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ លោកប្រធានាធិបតី ពូទីន បានបន្តថា "សូម្បីតែមុនពេលដែលយើងត្រូវបានអញ្ជើញឲ្យចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព នេះក៏ដោយ ក៏យើងតែងតែគិតគូរពីទំនាក់ទំនងពិសេសរបស់រុស្ស៊ីជាមួយប្រជាជនប៉ាឡេស្ទីន ដូច្នេះ ខ្ញុំអាចផ្ញើប្រាក់ចំនួន 1 ពាន់លានដុល្លារអាមេរិក ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកក្រោមរដ្ឋបាលអាមេរិកមុន សម្រាប់ 'ក្រុមប្រឹក្សាសន្តិភាព' នេះ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ពូទីន ក៏បានលើកឡើងពីការប្រកាសចុងក្រោយរបស់លោកប្រធានាធិបតី ត្រាំ ជុំវិញបញ្ហាកោះ ហ្រ្គីនលេន ផងដែរ ដោយលោកបានធ្វើការប៉ាន់ប្រមាណថា បើប្រៀបធៀបទៅនឹងតម្លៃលក់កោះ អាឡាស្កា របស់រុស្ស៊ីទៅឲ្យអាមេរិកកាលពីឆ្នាំ 1867 ខ្ញុំគិតតម្លៃកោះ ហ្រ្គីនលេន នេះ អាចមានតម្លៃពី 200 ទៅ 250 លានដុល្លារ តែ "បើប្រៀបធៀបទៅនឹងតម្លៃនៅពេលនេះ តួលេខអាចនឹងឡើងខ្ពស់ជាងនេះ គឺប្រមាណជាជិតដល់មួយពាន់លានដុល្លារ តែខ្ញុំគិតថាតម្លៃនេះ មិនមែនជាបញ្ហាសម្រាប់អាមេរិកនោះទេ"។
