ក្រុមអ្នកពន្លត់អគ្គីភ័យរបស់ប្រទេសប៉ាគីស្ថាន បានបន្តទាញយកសាកសពមនុស្សរហូតដល់ទៅ 25 នាក់ចេញពីគំនរបាក់បែកនៃអគារផ្សារទំនើបមួយកន្លែងក្នុងទីក្រុង ការ៉ាជី ដែលឆាបឆេះដោយអគ្គីភ័យ ខណៈដែលចំនួនអ្នកស្លាប់បច្ចុប្បន្ន បានកើនឡើងដល់ប្រមាណ 50 នាក់ហើយ។ អគ្គីភ័យដ៏ធំបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ បានផ្ទុះឡើងកាលពីចុងសប្តាហ៍មុននៅផ្សារទំនើប ហ្គូល ផ្លាសា ដែលមាន 1200 តូប និងភាគច្រើនលក់សំលៀកបំពាក់ និងប្រដាប់ប្រដាក្មេងលេង។យោងតាមសេវាជួយសង្គ្រោះបន្ទាន់ មនុស្សសរុបចំនួន 84 នាក់ទៀត នៅតែបន្តបាត់ខ្លួន ខណៈដែលអាជ្ញាធរបានបញ្ជាក់ថាចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង។ គួរបញ្ជាក់ផងដែរថា អគ្គីភ័យនេះ គឺជាការឆាបឆេះដ៏សាហាវបំផុតក្នុងទីក្រុង ការ៉ាជី ចាប់តាំងពីការឆាបឆេះរោងចក្រមួយកន្លែងកាលពីឆ្នាំ 2012 ដែលបានសម្លាប់ជិវិតមនុស្សប្រមាណ 260 នាក់នោះ។