កណ្តាល៖
បុសជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រើហិង្សាដោយចេតនាទៅលើស្ត្រីម្នាក់នៅក្នុងបរិវេនវិទ្យាល័យហ៊ុនសែនសេរីភាព ដែលហេតុការណ៍ បានកើតឡើងកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២៦ ស្ថិតក្នុងភូមិតាខ្មៅ(២) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៦ខែមករាឆ្នាំ២០២៦ មានករណីហិង្សាមួយនៅចំណុច ក្នុងសាលាវិទ្យាល័យហ៊ុនសែនសេរីភាព ដែលប្រភពពីសមត្ថកិច្ចបានបង្ហើបអោយដឹងថា ៖ មានស្ត្រីម្នាក់ដែលលក់ដូរនៅខាងក្នុងសាលា ជំពាក់ប្រាក់ស្ត្រីម្នាក់ទៀតដែលលក់ដូរ នៅខាងក្រៅសាលា ហើយ ស្ត្រីជាម្ចាស់បំណុលក៏បានបានចូលទៅទារលុយដែលជំពាក់ ដល់ក្នុងសាលា បណ្តាលអោយទាស់សំដីគ្នា។
ដោយស្ត្រីជាកូនបំណុល ខ្លាចខ្មាស់គេ ក៏បានប្រាប់ស្ត្រីជាម្ចាស់បំណុលថាកុំមកទារលុយក្នុងសាលាអី តែស្ត្រីជាម្ចាស់បំណុល នៅតែព្យាយាមចូលទៅទាលុយដល់ក្នុងបរិវេន សាលា រហូតឈ្លោះប្រកែកគ្នា ទើបបានស្ត្រីជាកូនបំណុលទូរសព្ទ័ អោយបងប្រុសជាជនសង្ស័យ អោយមកជួយឃាត់ ព្រោះកុំអោយខ្មាស់គេ។
លុះពេលបងប្រុសមកដល់ ការជជែកទាស់សំដីគ្នានៅតែបន្ត រហូតឈានដល់ បងប្រុសរបស់កូនបំណុល ឈ្មោះ ឌីវ ចន្ថា (ជនសង្ស័យ) បានប្រើអំពើហិង្សាដោយចេតនា ចាប់បោចសក់ស្ត្រីម្ចាស់បំណុលគ្រវីគ្រវាត់ ដួលច្រង៉ាប់ច្រង៉ិល ផ្អើលឈូឆរនៅក្នុងបរិវេនសាលា រហូតសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនបុរសជាជនសង្ស័យយកទៅសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្យ័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ប្រើអំពើហិង្សាដោយចេតនា ទៅលើជនរងគ្រោះ ដោយខឹងជនរងគ្រោះវាយគ្នាជាមួយប្អូនស្រីបង្កើតរបស់ខ្លួន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបន្ត និតិវិធី ៕
