ទន្ទឹមនឹងភាពតានតឹងកើនឡើងកាន់តែខ្លាំងរវាងអាមេរិក និងអីរ៉ង់ អាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងពីសមុទ្រចិនខាងត្បូងទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយរំពឹងថានឹងមកដល់គោលដៅ ក្នុងរយៈពេលមួយសប្តាហ៍។ ទន្ទឹមនឹងនេះ ស្ថានទូតអាមេរិកប្រចាំប្រទេសកាតា ក៏បានជំរុញឲ្យបុគ្គលិករបស់ខ្លួន បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបានហាមឃាត់ការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់មូលដ្ឋានទ័ពអាកាស អាល់ យូឌេត ដែលជាមូលដ្ឋានទ័ពអាកាសដ៏សំខាន់របស់អាមេរិកនៅក្នុងប្រទេសកាតា។ គួរបញ្ជាក់ផងដែរថា មូលដ្ឋានទ័ពអាកាស អាល់ យូឌេត ជាមូលដ្ឋានយោធាអាមេរិកធំបំផុតនៅតំបន់មជ្ឈិមបូព៌ា មានទីតាំងស្ថិតនៅប្រមាណ 35 គីឡូម៉ែត្រពីរដ្ឋធានីដូហា និងប្រមាណ 200 គីឡូម៉ែត្រពីព្រំដែនប្រទេសអ៊ីរ៉ង់ ដែលមានកងកម្លាំងអាមេរិកឈរជើងប្រមាណ 1 ម៉ឺននាក់ និងមានផ្ទុកយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងយន្តហោះដឹកជញ្ជូនធំៗ។
