ប្រទេសស៊ុយអែត និងប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀត បានប្រកាសពីផែនការបញ្ជូនកងកម្លាំងយោធាទៅកាន់កោះហ្គ្រីនឡែន បន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញបញ្ហាសន្តិសុខនៅតំបន់អាកទិក និងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ អំពីកោះយុទ្ធសាស្រ្តដ៏សំខាន់នេះ។ យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិប្រទេសដាណឺម៉ាក ន័រវេស អាល្លឺម៉ង់ និងបារំាង បានបញ្ជាក់ថា ខ្លួននឹងបង្កើនវត្តមានយោធាដែលក្នុងនោះរួមមាន យន្តហោះ និងនាវាចម្បាំង ព្រមទាំងចំនួនកងទ័ព នៅក្នុង និងជុំវិញកោះហ្គ្រីនឡែន ស្របពេលដែលខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តអង្គការណាតូ។ កោះហ្គ្រីនឡែន ដែលជាកោះធំជាងគេបំផុតរបស់ពិភពលោក គឺជាទឹកដីដែលគ្រប់គ្រងដោយខ្លួនឯង តែក្រោមប្រទេសដាណឺម៉ាក ដែលនៅតែមានសិទ្ធិអំណាចលើគោលនយោបាយការពារជាតិ និងការបរទេស។ ចាប់តាំងពីវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកវិញ លោក ដូណាល់ ត្រាំ បានបញ្ជាក់ម្តងហើយម្តងទៀតនូវបំណងប្រាថ្នាចង់ "គ្រប់គ្រង" កោះហ្គ្រីនឡែន នេះ បើទោះបីជាត្រូវប្រើប្រាស់កម្លាំងក៏ដោយ។
