លោកប្រធានាធិបតីប្រទេសកូឡុំប៊ី ហ្កាស្តាវូ ផេត្រូ បានចេញសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយកាលពីថ្ងៃចន្ទ ទី5 ខែមករា ដោយបដិសេធការចោទប្រកាន់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជុំវិញការជួញដូរគ្រឿងញៀន ព្រមទាំងបានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់យោធាអាមេរិកលើប្រទេសវេណេស៊ូអេឡា ការគំរាមកំហែងនយោបាយ និងចេតនាចង់គ្រប់គ្រងរបស់អាមេរិកលើតំបន់អាមេរិកឡាទីន។ នៅក្នុងសារបង្ហោះតាមប្រពន្ធ័ផ្សព្វផ្សាយសង្គម លោកប្រធានាធិបតី ផេត្រូ បានថ្កោលទោសយ៉ាងខ្លាំងទៅនឹងសកម្មភាពរបស់យោធាអាមេរិកលើប្រទេសវេណេស៊ូអេឡា ជាពិសេស ការចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរូ។ លោក ផេត្រូ បានអះអាងថា បន្ទាប់ពីចំណាយពេលអស់រយៈពេលជាច្រើនទសវត្សរ៍ ប្រឈមមុខនឹងការចោទប្រកាន់ថាជាប្រភពជួញដូរគ្រឿងញៀនដ៏ធំជាងគេបំផុតរបស់ពិភពលោក នៅតែមិនមានភស្តុតាងណាមួយដែលថា លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរូ ឬលោកស្រី ស៊ីលីយ៉ា ហ្លរែស មានជាប់ពាក់ពន្ធ័នឹងការជួញដូរគ្រឿងញៀននោះទេ។ គួរបញ្ជាក់ផងដែរថា ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ត្រាំ ព្រមានថា ប្រទេសណាមួយដែលផលិតគ្រឿងញៀន គឺជាគោលដៅបន្ទាប់នៃការវាយប្រហារ ដោយលើកឡើងពីប្រទេសកូឡុំប៊ីនេះ ខណៈដែលលោកប្រធានាធិបតី ហ្កាស្តាវូ ផេត្រូ ក៏បានឆ្លើយតបវិញថា “ការគំរាមកំហែងដល់អធិបតេយ្យភាពរបស់យើង គឺជាការប្រកាសសង្គ្រាម។
