កាលពីថ្ងៃចន្ទ ទី5 ខែមករា ក្រសួងការបរទេសប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍ជាថ្មីម្តងទៀតនូវការរិះគន់ចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវេណេស៊ូអេឡា និងបានអំពាវនាវឲ្យមានការដោះលែងលោកប្រធានាធិបតី នីកូឡាសម៉ាឌូរូ ជាបន្ទាន់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន បានបញ្ជាក់ ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរ៉ូ និងភរិយា ដោយយោធាអាមេរិក ហើយកំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍នេះ។ ឆ្លើយតបទៅនឹងសំណួរថាតើប្រទេសចិន នឹងបន្តនាំចូលប្រេងរបស់ប្រទេសវេណេស៊ូអេឡាដែរ ឬយ៉ាងណា បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ អំពីការបង្កើនផលិតកម្មប្រេងរបស់អាមេរិកនៅក្នុងប្រទេសវេណេស៊ូអេឡានោះ លោក លីន បានបញ្ជាក់ថា ផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិននៅក្នុងប្រទេសវេណេស៊ូអេឡា នឹងត្រូវបានការពារស្របតាមច្បាប់ ខណៈដែលកន្លងមក ប្រទេសចិនបានរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយរដ្ឋាភិបាលប្រទេសវេណេស៊ូអេឡា។