ការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿង ដែលបានកំណត់គោលដៅលើក្បួនរថយន្តរបស់មេបញ្ជាការនៃអង្គភាពយោធាដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីតនៅជិតទីក្រុង អាដែន របស់ប្រទេសយេម៉ែន បានសម្លាប់ទាហាន 2 នាក់ និងជាច្រើននាក់ទៀតរងរបួស។ ការវាយប្រហារ បានធ្វើឡើងនៅពេលដែលក្បួនរថយន្តដែលដឹកលោក ហាមឌី ហ្សូគ្រី ដែលជាមេបញ្ជាការជាន់ខ្ពស់នៅក្នុងកងពលតូច ចាយអិន កំពុងឆ្លងកាត់តំបន់ ចា អាវ៉ាឡា នៅជាយក្រុងភាគខាងជើងនៃទីក្រុង។ រថយន្តដែលផ្ទុកគ្រាប់បែកមួយគ្រឿង ដែលចតចោលនៅចិញ្ជើមផ្លូវ បានផ្ទុះនៅពេលដែលក្បួនរថយន្តបើកឆ្លងកាត់ ខណៈដែលលោកមេបញ្ជាការ ហ្សូគ្រី បានរួចជីវិត ហើយរហូតមកដល់ពេល មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ប្រទេសយេម៉ែនបានជាប់គាំងក្នុងជម្លោះចាប់តាំងពីឆ្នាំ 2014 នៅពេលដែលកងកម្លាំងក្រុម ហួរទី បានដណ្តើមកាន់កាប់ទីក្រុង សាណា និងតំបន់ធំមួយនៃភាគខាងជើងរបស់ប្រទេស ដែលជំរុញឲ្យក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ចូលធ្វើអន្តរាគមន៍នៅឆ្នាំ 2015 ដើម្បីគាំទ្ររដ្ឋាភិបាលប្រទេសយេម៉ែន។
