ភ្នំពេញ៖ 

ភោជនីយដ្ឋានចាំអូនត្រូវបានអគ្គិភ័យឆាបឆេះផ្សែងហុយខ្មួលខ្មាញ់ បណ្តាលអោយកញ្ចុះប្រកស្បូវចំនួន១០កញ្ចុះរួមទាំងសម្ភារៈមួយចំនួនទៀត បានរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នៅចំណុចភោជនីយ៍ដ្ឋាន ក្នុងដីឡូតិលេខ២០តាមផ្លូវ៤៨៨ ក្រុម២៤ ស្ថិតនៅ ភូមិ ៣  សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ភោជនីយដ្ឋានចាំអូនដែលត្រូវ ភ្លើងឆេះនោះមានទំហំ៤០ម៉ែត្រគុណ៨០ម៉ែត្រធ្វើពីដែកប្រក់ស័ង្កសី ជាកញ្ចុះៗជាប់ៗគ្នាដែលមានម្ចាស់ឈ្មោះ នុត សុភ័ក្ត្រ ភេទស្រី អាយុ ៣៤ឆ្នាំ។ 

តាមព័ត៌មានបានឱ្យដឹងថានៅព្រឹកនោះ ខណៈពេលដែលបុគ្គលិកកំពុងតែធ្វើការនិងមានភ្ញៀវចូលស្រាប់តែភ្លើងបានឆាប់ឆេះកញ្ចុះដែលបិទបាំងនិងប្រក់ស្បូវនិងឆេះរាលដាលយ៉ាងឆាប់រហ័សបង្ករឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក នាំគ្នាជួយពន្លត់តែពុំអាចទប់ស្កាត់បាន។ ភ្លាមៗ រថយន្តពន្លត់ អគ្គិភ័យចំនួន១៨គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ទើបអាចទប់ស្កាត់បាន។ទោះបីជាយ៉ាងណាកញ្ចុះប្រក់ស្បូវជាច្រើនត្រូវភ្លើងឆេះរងការខូចខាត។

តាមនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា អគ្គិភ័យនេះបណ្តាលអោយ កញ្ចុះចចំនួន១០បានរងការខូចខាត ទាំងស្រុង រួមជាមួយសម្ភារៈមាន សាឡុង តុ ទូរទស្សន៍ ធុងប៉ះ ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

ទាក់ទិននិងមូលហេតុសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ទោះបីជាយ៉ាងណា គេមានការសង្ស័យថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕