លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធ ទី21 ខែមករាថា អាមេរិក នឹងដកការគំរាមកំហែងពន្ធលើប្រទេសអឺរ៉ុបមួយចំនួន ជុំវិញជំហរប្រឆាំងរបស់ពួកគេលើបញ្ហាកោះហ្គ្រីនឡែន និងបានច្រានចោលការប្រើប្រាស់កម្លាំងយោធាដើម្បីទទួលបានកោះនេះ ដោយលោកបាននិយាយថា កិច្ចព្រមព្រៀងមួយជាមួយអង្គការណាតូ កំពុងលេចចេញជារូបរាង ដើម្បីបញ្ចប់ជម្លោះលើទឹកដីរបស់ប្រទេសដាណឺម៉ាក និងដើម្បីអនាគតរបស់កោះនេះ។ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំជាមួយលោក ម៉ាក រូត អគ្គលេខាធិការអង្គការណាតូ នៅទីក្រុងដាវ៉ូស និង “ដោយផ្អែកលើការយល់ដឹងនេះ ខ្ញុំនឹងមិនដាក់ពន្ធដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី 1 ខែកុម្ភៈខាងមុខនោះទេ” ហើយទន្ទឹមនឹងនេះ សម្ព័ន្ធមិត្តនៅតំបន់អាកទិក ក៏អាចបង្កើតកិច្ចព្រមព្រៀងថ្មីមួយដែលបំពេញបំណងប្រាថ្នារបស់អាមេរិក សម្រាប់ប្រព័ន្ធខែលការពារគ្រាប់មីស៊ីល ឬ ហ្គូលដេន ដូម "Golden Dome" និងការចូលប្រើប្រាស់រ៉ែសំខាន់ៗ ក៏ដូចជារារាំងមហិច្ឆតារបស់ប្រទេសរុស្ស៊ី និងចិន នៅតំបន់អាកទិក ជាពិសេសនៅកោះ ហ្រ្គីនលេន នេះ។
