ប្រទេសឥណ្ឌូនេស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី22 ខែមករាថា នឹងចូលរួមជាមួយប្រទេសតួរគី អេហ្ស៊ីប ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន កាតា និងប្រទេសផ្សេងទៀត ក្នុងការទទួលយកការអញ្ជើញឲ្យចូលរួមជាសមាជិក "ក្រុមប្រឹក្សាសន្តិភាព" របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ លោកប្រធានាធិបតី ត្រាំ បានអញ្ជើញមេដឹកនាំពិភពលោកជាច្រើនរូប ឲ្យចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់លោកដែលមានគោលបំណងដោះស្រាយជម្លោះសកល បើទោះបីជាអ្នកការទូតមួយចំនួនបានលើកឡើងថា ជំហាននេះ អាចប៉ះពាល់ដល់ការងាររបស់អង្គការសហប្រជាជាតិក៏ដោយ។ លោកប្រធានាធិបតី ត្រាំ បានស្នើឡើងជាលើកដំបូងនូវក្រុមប្រឹក្សាសន្តិភាពកាលពីខែកញ្ញាឆ្នាំមុន នៅពេលដែលលោកបានប្រកាសពីផែនការសន្តិភាពរបស់លោក ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ក្រោយមកលោកបានបញ្ជាក់យ៉ាងច្បាស់ថា ភារកិច្ចរបស់ក្រុមប្រឹក្សា នឹងត្រូវពង្រីកហួសពីតំបន់ហ្គាហ្សា ដើម្បីដោះស្រាយជម្លោះផ្សេងទៀតនៅទូទាំងពិភពលោក។ គួរបញ្ជាក់ផងដែរថា ប្រមាណ 60 ប្រទេស បានទទួលការអញ្ជើញពីលោកប្រធានាធិបតី ត្រាំ ឲ្យចូលរួមជាសមាជិកស្ថាបនិកក្នុងក្រុមប្រឹក្សាសន្តិភាព ខណៈដែលប្រទេសដែលចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍ ត្រូវបង់ប្រាក់ចំនួន 1 ពាន់លានដុល្លារអាមេរិកទៅក្នុងមូលនិធិដែលគ្រប់គ្រងដោយលោកប្រធានាធិបតី ត្រាំ ផ្ទាល់ ដែលមានមុខងារជាប្រធានក្រុមប្រឹក្សាសន្តិភាពនេះ។
