រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសវេណេស៊ូអេឡា លោកឧត្តមសេនីយ៍ វ្លាឌីម៊ែរ ផាឌ្រីណូ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរូ មួយផ្នែកធំ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់យោធាអាមេរិក មុនពេលនៃការឈានទៅដល់ការចាប់ខ្លួនមេដឹកនាំរូប។ លោក ផាឌ្រីណូ មិនបានផ្តល់តួលេខពិតប្រាកដនៃអ្នកស្លាប់នោះទេ ប៉ុន្តែបានប្រកាសគាំទ្រ ការប្រកាសរបស់លោកស្រី ឌែលស៊ី រូឌ្រីហ្គេស ដែលបច្ចុប្បន្នជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសវេណេស៊ូអេឡា ដែលថា កងកម្លាំងប្រដាប់អាវុធ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីការពារអធិបតេយ្យភាពជាតិ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលប្រទេសគុយបា ក៏បានប្រកាសថា ពលរដ្ឋរបស់ខ្លួនចំនួន 32 នាក់ ត្រូវបានសម្លាប់អំឡុងពេលនៃការវាយឆ្មក់របស់អាមេរិកនៅក្នុងប្រទេសវេណេស៊ូយអេឡា ព្រមទាំងបានប្រកាសកាន់ទុក្ខរយៈពេល 2 ថ្ងៃ គឺនៅថ្ងៃទី 5 និងទី 6 ខែមករានេះ សម្រាប់ជនរងគ្រោះ។
