ភ្នំពេញ៖

ក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈចំនួន១១នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនយកធ្វើការអប់រំ និង ដករហូតម៉ូតូទុក រយៈពេល ៣ខែ។ 

តាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៦ កម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និង លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ក្មេងទំនើង១១នាក់ និងម៉ូតូ០៤គ្រឿង មកអប់រំណែនាំ ពាក់ព័ន្ធករណីបង្ហោះ ម៉ូតូតាមផ្លូវសាធារណៈប៉ះពាល់សណ្តាប់ធ្នាប់ កាលពីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ នៅចំណុច ផ្លូវសហព័ន្ធរុស្ស៊ី ស្ពានអាកាសផ្សារដីហុយ   សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ 

បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យ បានអញ្ជើញអាណាព្យាបាលមកទទួលនិងឲ្យធ្វើកិច្ច សន្យា បញ្ឈប់សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ហើយសមត្ថកិច្ចក៏បានណែនាំ អាណាព្យាបាលត្រូវយកចិត្តទុកដាក់អប់រំកូនៗរបស់ខ្លួនឲ្យបានល្អ កុំធ្វើជាក្មេងទំនើង។ ចំណែកម៉ូតូ០៤គ្រឿងដកហូតម៉ូតូរក្សាទុករយៈពេល ០៣ខែ នៅកន្លែសមត្ថកិច្ច៕