កែប៖
សត្វពង្រួលដ៏កម្រមួយក្បាល ដែលត្រូវបានគេទិញយកមកបម្រុងសម្លាប់ធ្វើជាអាហារ កាលពីពេលថ្មីៗនេះ បានរួចផុតពីសេចក្តីស្លាប់យ៉ាងប្រកាសអាសន្ន បន្ទាប់ពីវាបានលូនចេញពីទ្រុង រត់ចូលផ្ទះប្រជាពលរដ្ឋ ហើយ ត្រូវបានប្រគល់ ជូនអាជ្ញាធរដើម្បី សង្គ្រោះ។
សត្វពង្រួលនេះ មានទម្ងន់ប្រមាណ១០គីឡូក្រាម ហើយ ត្រូវបានបុរសម្នាក់នៅភូមិ
ចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ទិញមកពីភូមិ ៣១៧ តេជោអភិវឌ្ឍន៍ ស្រុកឈូក ក្នុងតម្លៃជិត ១ លានរៀល។ បុរសរូបនោះមានបំណងសម្លាប់សត្វពង្រួលនេះ ដើម្បីធ្វើជាសាច់ក្លែម និងបានហៅមិត្តភក្តិមកត្រៀមជប់លៀងទៀតផង។
ដូចជាមានទេវតាជួយ សត្វពង្រួល បានលូនចេញពីទ្រុង រួចរត់ចូលទៅក្នុងផ្ទះអ្នកភូមិម្នាក់ទៀត នៅក្នុងភូមិចំការបី ហើយ ទោះបីជាម្ចាស់ដែលទិញមក បានព្យាយាមមកអង្វរសុំទិញសត្វនោះត្រឡប់ទៅវិញក៏ដោយ ក៏អ្នកភូមិដែលមានស្មារតីស្រឡាញ់សត្វព្រៃ មិនព្រមលក់ឱ្យឡើយ និងបានសម្រេចចិត្តប្រគល់ជូនអាជ្ញាធរខេត្តភ្លាមៗ។
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយក្រុមការងារ បានទទួលយកសត្វពង្រួលនោះ និងបាននាំយកទៅព្រលែងនៅក្នុងឧទ្យានជាតិខេត្តកែប ដើម្បីឱ្យវាបានរស់នៅមានសេរីភាពក្នុងធម្មជាតិវិញ។
សកម្មភាពរបស់ប្រជាពលរដ្ឋភូមិចំការបី គឺជាគំរូដ៏ល្អក្នុងការចូលរួមការពារសត្វព្រៃដែលជិតផុតពូជ ខណៈដែលសត្វពង្រួលជាសត្វដែលត្រូវបានការពារដោយច្បាប់យ៉ាងតឹងរ៉ឹង ៕
