សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ក្រោមការ​ដឹកនាំ​ដោយ​ ឯកឧត្តម​ ខូវ​ ឆាយ​ ជាប្រធានបាន​ទទួល​អំណោយ​សប្បុរសធម៌​ពី​ក្រុមហ៊ុន​ Khmer Beverages នូវ​អង្ករ​ចំនួន​ ១០​តោន​ រួម​ទាំង​ភេសជ្ជៈ​មួយ​ចំនួន​ធំ​ទៀត​ដើម្បី​យក​ទៅ​ជួយ​ដល់​វីរកងទ័ព​ជួរមុខ​ និង​ជន​ភៀសសឹក​ដែល​រងគ្រោះ​ពី​ការ​ឈ្លានពាន​កន្លងទៅ​នេះ។​


រូបភាព​លើផេកសហព័ន្ធ

នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសបុក​ផេក​សហព័ន្ធ​ នៅ​មុន​នេះ​បាន​បញ្ជាក់​ថា​ ឯកឧត្តម​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនខ្មែរប៊ីវើរីកជីស (Khmer Beverages) បានផ្តល់នូវអំណោយមានអង្ករ ១០តោន ទឹកសុទ្ធ ២០០កេះ ភេសជ្ជៈអេចស្ព្រេស ២០០កេះ ដល់សហព័ន្ធដើម្បីចុះជួយវីរកងទ័ពជួរមុខ និងជនភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីទាហានសៀម។

រូបភាព​លើផេកសហព័ន្ធ

បន្ទាប់​ពី​មាន​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​សៀម​មក​លើ​កម្ពុជា​កន្លង​ទៅ​នេះ ​បាន​ធ្វើ​ឲ្យ​កងទ័ព​កម្ពុជា​ចំនួន​ត្រូវ​ពលី​លើ​សមរភូមិន​ និង​មាន​ក្រុម​គ្រួសារ​កងទ័ព​ ប្រជាពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់​រងគ្រោះ​ត្រូវ​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​ដើម្បី​រក​កន្លែង​សុខ​សុវត្ថិភាព។​ ការ​ចាក់ចេញ​ដោយ​ទុក​ផ្ទះសម្បែង​ចោល​ ទុក​សម្ភារ​ប្រើប្រាស់​ និង​ទាំង​សត្វពាហនៈ​ផ្សេងៗ​គឺ​មាន​ផលប៉ះពាល​ជា​ខ្លាំង។​ ដូច្នេះ​ហើយ​អំឡុង​ពេល​ឈ្លានពាន​នេះ​ចលនា​សប្បុរសធម៌​ និង​ការ​រៃអង្គាស​ពី​មហាជន​មាន​ជា​ច្រើន​ដើម្បី​ជួយ​ដល់​វីរកងទ័ព​នៅ​សមរភូមិ​ និង​ជន​ភៀសសឹក​កន្លង​មក​ក្នុង​ ស្មារតី​ខ្មែរ​តែ​មួយ​ ខ្មែរ​ស្រឡាញ់​ខ្មែរ​ ដើម្បី​សម្រាល​ដល់​ការ​លំបាក់​ផ្សេងៗ។​ យ៉ាងណា​ជាក់ស្ដែង​ដូច​​ជា​ក្រុមហ៊ុន​ Khmer Beverages ​ផង​ដែរ​ដែល​បាន​ផ្ដល់​អំណោយ​​តាម​រយៈ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​នេះ​នឹង​ជួយ​ដោះស្រាយ​ការ​លំបាកបាន​មួយ​កម្រិត​នៅ​ក្នុង​ស្ថានភាព​ជាក់ស្ដែង​នេះ៕​

អត្ថបទ៖ លោក កៅ សុភា