ភ្នំពេញ៖
រថយន្តម៉ាក Lexus RX-330មួយគ្រឿង បានបើកជ្រុលទៅបុកទ្រូងផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យបាក់អស់២កង់ ហើយ រថយន្តនោះ បានរងការខូចខាតខ្ទេចមុខយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចខាងត្បូងផ្សារអ៊ីអន៣ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយ រថយន្តបង្កម៉ាកLexus RX-330 មួយគ្រឿងនោះ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AL-3266 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។
តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្ត បើកបរធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង។
នៅពេលទៅដល់ត្រង់ចំណុចកើតហេតុ មិនដឹងថាមានមូលហេតុអ្វី ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្ត ខូចខាតខ្ទេចមុខយ៉ាងដំណំ ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់២ផ្ទាំង ។ ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ជើងឯក និង នគរបាលចរចរណ៍ខណ្ឌដង្កោ រួមជាមួយនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការវាស់វែង និង ស្ទូចយករថយន្ត យកទៅរក្សាទុកនៅការិយាល័យដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ៕
