កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តារាចម្រៀង T.O.P អតីតសមាជិកក្រុម BIGBANG បានប្រកាសដំណឹងល្អនៅលើបណ្តាញសង្គម Instagram ថា លោកនឹងចេញអាល់ប៊ុមទោលក្នុងពេលឆាប់ៗខាងមុខនេះ។
ការប្រកាសវិលត្រឡប់មកវិញរបស់ T.O.P ចាត់ទុកថាជាការបើកជំពូកថ្មីមួយទៀតនៅក្នុង ឧស្សាហកម្មតន្ត្រី ក៏ព្រោះតែវាជាអាល់ប៊ុមទោលដំបូងបង្អស់របស់គេក្នុងរយៈពេល ១៣ ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ២០១៣ ដែលបានដើរនៅលើវិថីមួយនេះ។ លើសពីនេះ វាក៏ជាសមទ្ធិផលថ្មីមួយទៀត និងជាលើកដំបូងរបស់តារាចម្រៀងប្រុសរូបនេះផងដែរ បន្ទាប់ពីបញ្ចប់តួនាទីជាសមាជិក នៅក្នុងក្រុម BIGBANG កាលពីអំឡុងឆ្នាំ ២០២៣ កន្លងទៅ។
ដ្បិតថា តារាចម្រៀងរូបនេះ បានផ្អាកពីវិស័យតន្ត្រីជាយូរមកហើយក្តី ប៉ុន្តែ T.O.P នៅតែបន្តប្រកួតប្រជែងជាមួយខ្លួនឯងនៅក្នុងវិស័យផ្សេងៗទៀត ដូចជាការសម្តែងជាដើម។ ដោយឡែក ការវិល ត្រឡប់មកកាន់ក្បាលមេក្រូម្តងទៀតរបស់ T.O.P អ្នកគាំទ្របាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ខណៈពួកគេរំពឹងថា តារាចម្រៀងប្រុសខាងលើ នឹងមានអ្វីដែលថ្មីប្លែកនៅក្នុង វិស័យតន្ត្រី។
សូមជម្រាបដែរថា ក្រៅពីអាជីពជាតារាចម្រៀង T.O.P ក៏ទទួលបានជោគជ័យខ្លាំងដូចគ្នាដែរ ក្នុងនាមជាតារាសម្តែង ទាំងរឿងដុំ និងរឿងភាគទូរទស្សន៍។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ T.O.P បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តភាគដ៏ល្បីកក្រើកនៅទូទាំងពិភពលោក គឺរឿង «Squid Game 2»៕
