លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានព្រមានថាលោកកំពុងពិចារណាបញ្ជូននាវាផ្ទុកយន្តហោះទីពីរទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីធ្វើសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើការចរចាបរាជ័យ។ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា កងនាវាចម្បាំងអាមេរិក កំពុងធ្វើដំណើរទៅកាន់តំបន់នេះរួចទៅហើយ នឹងថា "នាវាមួយគ្រឿងទៀត អាចនឹងត្រូវបញ្ជូនបន្ថែម" ប្រសិនបើការចរចារ បរាជ័យ។ លោកប្រធានាធិបតី ត្រាំ ក៏បានក្រើនរំលឹកថា «កាលពីលើកមុន ប្រទេសអ៊ីរ៉ង់បានសម្រេចចិត្តមិនធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ពេលនោះ អីរ៉ង់ ត្រូវរងការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់បែក មីដ ណាយហេមមឺ (Midnight Hammer) ហើយនោះមិនមែនជារឿងល្អសម្រាប់ពួកគេទេ ខ្ញុំសង្ឃឹមថាលើកនេះ ពួកគេអាចសម្រេចចិត្តត្រូវ»។ គួរបញ្ជាក់ផងដែរថា នាវាផ្ទុកយន្តហោះ យូអេសអេស អាប្រាហាម លីនខន (USS Abraham Lincoln) និងនាវាពិឃាតគ្រាប់មីស៊ីលជាច្រើនគ្រឿង ត្រូវបានដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ារួចទៅហើយ បន្ទាប់ពីការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់កាលពីពេលថ្មីៗនេះ។