សហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡា និងផែនការយុទ្ធសាស្រ្តរបស់ឯកឧត្ដម ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា ដើម្បីឱ្យធនធានមនុស្សលើវិស័យទោចក្រយានកាន់តែអភិវឌ្ឍន៍រីកចំរើននោះ បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស គ្រូបង្វឹកកីឡាទោចក្រយានកម្រិត១ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥កុម្ភៈ ឆ្នាំ២០២៦ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានថ្លែងបញ្ជាក់ថា វគ្គបណ្តុះបណ្តាលបច្ចេកទេស គ្រូបង្វឹកកីឡាទោចក្រយានកម្រិត១នេះ សហព័ន្ធរៀបចំឡើងបន្ទាប់ពីបានរៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកម្រិតមូលដ្ឋានរួចហើយ កាលពីឆ្នាំ២០២៥។
លោកថា សម្រាប់វគ្គគ្រូកម្រិត១នេះ បានរៀបចំឡើងក្នុងគោលបំណងបណ្តុះធនធានគ្រូបង្វឹកកីឡាទោចក្រយានឱ្យមានកាន់តែច្រើនដើម្បីធ្វើការបណ្តុះបណ្តាលចែករំលែកដល់កីឡាករកីឡាការិនីវ័យក្មេងបានក្លាយជាកីឡាករកីឡាការិនីសក្កានុពលត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០៣១ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ថា សម្រាប់វគ្គនេះផ្ទាល់សិក្ខាកាមទាំងអស់បានសិក្សាជាមួយការបង្ហាត់របស់គ្រូបង្វឹកដែលទើបតែបញ្ចប់ការសិក្សាកម្រិត៣ទទួលស្គាល់ដោយសហព័ន្ធកីឡាទោចក្រយានពិភពលោក។
លោក សង្ឈឹមជឿជាក់ថា សិក្ខាកាមដែលបានចូលរួមវគ្គគ្រូបង្វឹកកម្រិត១នេះនឹងក្លាយជាគ្រូបង្វឹកឆ្នើមនៅតាមបណ្តាក្លឹបរាជធានីខេត្តជួយបណ្តុះបណ្តាលកីឡាករកីឡាការិនីវ័យក្មេងអាចដណ្តើមបានមេដាយពីការប្រកួតយុវជនអាស៊ីឆ្នាំ២០៣១ជូនកម្ពុជា៕
