ឯកឧត្ដម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមសម្ភោធភាពយន្តរឿង សែនឆ្ងាយ ក្បែរអ្នក របស់ផលិតកម្ម Tiny Films ដែលសហការផលិតជាមួយ Westic Media Limited.

នាល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមសម្ភោធភាពយន្តខាងលើនេះ នៅរោងភាពយន្ត Legend សាខា ជីបម៉ុង ២៧១ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ផលិតករភាពយន្ត សិល្បករសិល្បការិនី និងភ្ញៀវកិត្តិយស ប្រមាណ១០០០នាក់។  

ក្នុងឱកាសនោះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្ដមបានថ្លែងនូវការកោតសរសើរ និងវសយតម្លៃខ្ពស់ចំពោះ ផលិតករ អ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកថត តារាសម្តែង និងក្រុមការងារផលិតទាំងអស់ដែលបានសម្រិតសម្រាំងផលិតស្នាដៃភាពយន្តដ៏ល្អនេះ និងជូនពរអោយដំណើរការចាក់បញ្ចាំងទទួលបានការគាំទ្រពីទស្សនិជនរបស់យើង។

គួរជម្រាបជូនថា រឿង "សែនឆ្ងាយ ក្បែរអ្នក ឬ Far Away Close to You" ដែលត្រូវបាននិពន្ធឡើងដោយ ភួង វណ្ណនេត និង មុនីកណ្ណដារ៉ុង។ ភាពយន្តប្រភេទស្នេហាបែបយុវវ័យដ៏គួរឱ្យចាប់អារម្មណ៍នេះ នឹងមានចាក់បញ្ចាំង នៅក្នុងគ្រប់រោងភាពយន្ត ទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៦។