មេដឹកនាំអឺរ៉ុបចំនួន 5 បានចោទប្រកាន់ប្រទេសរុស្ស៊ី ចំពោះការសម្លាប់អ្នករិះគន់វិមានក្រឹមឡាំងដ៏ល្បីល្បាញម្នាក់ គឺលោក អាលិចហ្ស៊ី ណាវ៉ានី ដោយប្រើប្រាស់ជាតិពុលពីកង្កែបមួយប្រភេទ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ស៊ុយអែត និងហូឡង់បានបញ្ជាក់ថា យោងតាមការវិភាគគំរូពីសាកសពរបស់លោក ណាវ៉ានី "បានបញ្ជាក់ពីវត្តមាននៃសារធាតុ អេពីបាទីឌីន" ដែលជាជាតិពុលដ៏ខ្លាំងមួយមាននៅក្នុងកង្កែបពិសមួយប្រភេទនៅតំបន់អាមេរិកខាងត្បូង។ យ៉ាងណាមិញ វិមានក្រឹមឡាំង បានច្រានចោលការចោទប្រកាន់នេះ ដោយថា ការអះអាងទាំងនោះមិនពិត និង "មិនផ្អែកលើភស្តុតាងពិតប្រាកដណាមួយឡើយ"។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ផែសស្កូហ្វ បានបញ្ជាក់ថា ការស្លាប់របស់លោក ណាវ៉ានី គឺដោយសារមូលហេតុធម្មជាតិតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា យោងតាមអ្នកជំនាញខាងឱសថសាស្ត្រ ជាតិពុល អេពីបាទីឌីន ដែលមាននៅក្នុងប្រភេទកង្ហែបពិសនេះ មានឥទ្ធិពលខ្លាំងណាស់ ដោយសារធាតុពុលនេះ មិនដល់កន្លះមីលីក្រាមផង អាចសម្លាប់មនុស្សដែលមានទម្ងន់ដល់ទៅ 70 គីឡូក្រាមបាន។
