រដ្ឋមន្ត្រីការបរទេសប្រទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាឃី បានបញ្ជាក់ថា កិច្ចចរចាកម្មវិធីនុយក្លេអ៊ែរជាមួយអាមេរិក គ្រោងនឹងធ្វើឡើងក្នុងទីក្រុង ម៊ូសខេត របស់ប្រទេសអូម៉ង់ នៅម៉ោងប្រមាណ 10 ព្រឹក ថ្ងៃសុក្រ ទី6 ខែកុម្ភៈនេះ។ យោងតាមប្រភពពីមន្ត្រីអាមេរិកម្នាក់បានឲ្យដឹងថា កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវរួមបញ្ចូលឃ្លាំងអាវុធមីស៊ីលរបស់អីរ៉ង់ និងបញ្ហាពាក់ពន្ធ័ផ្សេងទៀត តែមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានឆ្លើយតបថា កិច្ចចរចានេះ នឹងផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់តែប៉ុណ្ណោះ ហើយមិនមានពាក់ពន្ធ័នឹងកម្មវិធីគ្រាប់មីស៊ីលនោះទេ ទីក្រុងតេអេរ៉ង់នឹងស្វាគមន៍ការចរចាលើកម្មវិធីនុយក្លេអ៊ែរ តែការទទូចរបស់អាមេរិកក្នុងការដោះស្រាយបញ្ហាមិនជាប់ពាក់ពន្ធ័លើកម្មវិធីនុយក្លេអ៊ែរនោះ អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចចរចា។ គួរបញ្ជាក់ផងដែរថា ភាពខុសគ្នាលើវិសាលភាពនៃកិច្ចចរចានេះ ជំរុញឲ្យមានការសង្ស័យថា តើកិច្ចប្រជុំនេះ អាចនឹងដំណើរការបានដែរ ឬយ៉ាងណា ឬក៏អាចជំរុញឲ្យលោកប្រធានាធីបតី ដូណាល់ ត្រាំ បន្តការគំរាមវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់? ស្របពេលដែលកន្លងមក លោកប្រធានាធិបតី ត្រាំ បានព្រមានថា “រឿងដ៏អាក្រក់” នឹងកើតឡើង ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានឈានដល់នោះ។
