តុលាការកណ្តាលទីក្រុងសេអ៊ូល គ្រោងនឹងសម្រេចលើការចោទប្រកាន់ពីបទបះបោររបស់អតីតលោកប្រធានាធិបតី យូន សុក យុល។ ព្រះរាជអាជ្ញាមួយរូបបាននិយាយថា យោងតាមការស៊ើបអង្កេតបានបញ្ជាក់ពីគម្រោងមួយ ដែលត្រូវបានចោទប្រកាន់ថាដឹកនាំ និងបង្កើតឡើងកាលពីខែតុលា ឆ្នាំ 2023 ដោយលោក យូន និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ គឺលោក គីម យុង យុន ដើម្បីរក្សាលោក យូន ឲ្យនៅបន្តកាន់អំណាច។ កាលពីដើមឆ្នាំនេះ ព្រះរាជអាជ្ញាពិសេសរបស់ប្រទេសកូរ៉េខាងត្បូង បានស្នើសុំឲ្យមានការកាត់ទោសប្រហារជីវិតចំពោះលោក យូន ពីបទ មេក្លោង ឬជាអ្នកបំផុសបំផុលឲ្យធ្វើការបះបោរ បន្ទាប់ពីការប្រកាសដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីខែធ្នូ ឆ្នាំ 2024 តែយ៉ាងណាមិញ ប្រទេសកូរ៉េខាងត្បូង មិនបានអនុវត្តការកាត់ទោសប្រហារជីវិតអស់រយៈពេលជិត 3 ទសវត្សរ៍មកហើយ។ លោក យូន វ័យ 65 ឆ្នាំ បានបដិសេធការចោទប្រកាន់ទាំងនេះ ដោយនៅក្នុងតុលាការ លោកបានអះអាងថា ច្បាប់អាជ្ញាសឹកដែលលោកប្រកាសនេះ គឺដើម្បីទប់ស្កាត់ «សកម្មភាពរបស់គណបក្សប្រឆាំង ដែលគ្រោងនឹងបំផ្លាញប្រទេសជាតិ» តែប៉ុណ្ណោះ ហើយការប្រកាសច្បាប់នេះ ក៏ស្ថិតនៅក្នុងអំណាចរបស់លោកក្នុងនាមជាប្រធានាធិបតីផងដែរ។
