ភ្នំពេញ ៖ ឯកឧត្តម ខូវ ឆាយ នាយកមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងអគ្គលេខាធិការរងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួម សន្និបាតវិសាមញ្ញ និងបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅ ឆ្នាំ២០២៦ សហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិ ៨ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល ។
ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា តាងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងខ្លួនខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណដល់ប្រធានសមាគម ក្លិប គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និងដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ។ ឆ្លងតាមរយៈសន្និបាតវិសាមញ្ញថ្ងៃនេះ យើងបានឃើញនូវសមិទ្ធិផលដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរសម្រេចបាន ជាស្នាដៃដែលយើងបានខិតខំក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ ។
ឯកឧត្តម ប្រធានបានបន្តថា យើងក៏នៅមានបញ្ហាប្រឈមមួយចំនួន ដូចជា ស្នាក់ការសហព័ន្ធតូចចង្អៀតសម្រាប់បម្រើការងារ ពុំមានសាលប្រជុំឲ្យ បានសមស្រប ពុំទាន់បានចងក្រងបញ្ចប់សៀវភៅប្រវត្តិគុនខ្មែរ បច្ចេកទេស និងវិធីសាស្ត្រហ្វឹកហាត់ តាមបែបវិទ្យាស្រ្តសម្រាប់ផ្សព្វផ្សាយក្នុងប្រទេស និងក្រៅប្រទេស ក្លិបមួយចំនួនមិនទាន់បានបំពេញបែបបទ ឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងកីឡាករ-កីឡាការិនី ពុំទាន់មានអត្តសញ្ញាណបណ្ណសំគាល់ខ្លួន និងសៀវភៅកត់ត្រាការប្រកួតឲ្យបានច្បាស់លាស់។ ដើម្បីដោះស្រាយបញ្ហាប្រឈម សហព័ន្ធបានរៀបចំទិសដៅផែនការ សម្រាប់អនុវត្តឆ្នាំ២០២៦ ដូចខាងក្រោម ត្រូវបន្តខិតខំស្វែងរកដៃគូទាំងរដ្ឋ ក្រុមហ៊ុនឯកជន សប្បុរសជន ដើម្បីសាងសង់ទីស្នាក់ការ កន្លែងហ្វឹកហាត់ សាលប្រជុំឲ្យបានសមរម្យ ហើយព្យាយាមចងក្រងបញ្ចប់សៀវភៅប្រវត្តិគុនខ្មែរ បច្ចេកទេស និងវិធីសាស្ត្រហ្វឹកហាត់ តាមបែបវិទ្យាស្រ្ត ដើម្បីផ្សព្វផ្សាយនៅក្នុងប្រទេស និងក្រៅប្រទេស និងបន្តជំរុញបណ្តុះបណ្តាល ធនធានមនុស្សមានគ្រូបង្វឹក អត្តពលិក មន្ត្រីទាំងបច្ចេកទេស ទាំងភាសារ និងលើកកម្ពស់កម្រិតគ្រូបង្ហាត់ ដែលអាចបង្ហាត់នៅក្រៅប្រទេសបាន។
ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបន្ថែមថា បន្តពង្រឹងការអនុវត្តនិតិវិធីឲ្យសមាគម ក្លិប ដើម្បីបំពេញបែបបទស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ ។ ជំរុញឲ្យកីឡាករ-កីឡាការិនីពុំទាន់មានអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន និងសៀវភៅកត់ត្រាការប្រកួតឲ្យមានគ្រប់ៗគ្នា ហើយបន្តសហការរៀបចំការប្រកួតប្រចាំសប្តាហ៍ ជាមួយដៃគូអភិវឌ្ឍន៍ បង្កើនបើកបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រម ឲ្យមានការរីកចម្រើនទាំងបរិមាណនិងគុណភាព បន្តពង្រីក និងពង្រឹងសមាគម ក្លឹប នៅទូទាំងប្រទេស៕