ប្រមុខកងទ័ពជនជាតិភាគតិចដ៏មានឥទ្ធិពលមួយក្រុមរបស់ប្រទេសមីយ៉ាន់ម៉ា បានចោទប្រកាន់មេដឹកនាំពិភពលោក ថាមិនអើពើនឹងការកើនឡើងនៃការវាយប្រហារតាមអាកាសដ៏សាហាវរបស់របបយោធាដែលកំពុងកាន់អំណាច លើជនស៊ីវិល នឹងថា មានតែប្រទេសចិនទេ ដែលកំពុងជួយធ្វើអន្តរាគមន៍ក្នុងជម្លោះនេះ។ លោកឧត្តមសេនីយ៍ យ៉ដ សឺក ប្រធានក្រុមប្រឹក្សាស្តាររដ្ឋសាន បាននិយាយថា ពិភពលោក បានបរាជ័យក្នុងការបញ្ឈប់ភាពចលាចល ខណៈដែលរបបយោធា កាន់តែបង្កើនការវាយប្រហារទម្លាក់គ្រាប់បែកទូទាំងប្រទេស។លោក ក៏បានជំរុញឲ្យក្រុមប្រដាប់អាវុធផ្សេងទៀតរបស់ប្រទេសមីយ៉ាន់ម៉ា ធ្វើការរួបរួមគ្នា នឹងថា ការសន្ទនានយោបាយជាមួយរបបយោធា នៅតែត្រូវការដើម្បីបញ្ចប់សង្គ្រាមស៊ីវិលមួយនេះ។ ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិចាប់តាំងពីការធ្វើរដ្ឋប្រហារឆ្នាំ 2021 ដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី និងបង្កឲ្យមានជម្លោះទូទាំងប្រទេស ហើយបន្ទាប់ពីការបោះឆ្នោតដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ត្រូវបានរំពឹងថា នឹងបន្តធ្វើជាមេដឹកនាំកាន់កាប់អំណាចយោធានៅក្នុងប្រទេសនេះ។
