លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ថា លោកនឹងចូលរួម «ដោយប្រយោល» ក្នុងការចរចារវាងមន្ត្រីប្រទេសអ៊ីរ៉ង់ និងអាមេរិក លើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអីរ៉ង់ ក្នុងទីក្រុងហ្សឺណែវ ហើយលោកជឿជាក់ថា ទីក្រុងតេអេរ៉ង់ ពិតជាចង់ឈានដល់កិច្ចព្រមព្រៀងមួយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកប្រធានាធិបតី ត្រាំ បានបន្តថា អ៊ីរ៉ង់ កំពុងឈរលើជំហរដ៏ពិបាកមួយក្នុងការចរចា ប៉ុន្តែអីរ៉ង់ ក៏គួរតែដឹងពីផលវិបាកនៃលទ្ធដែលទទួលបានប្រសិនបើនៅតែប្រកាន់ជំហរបែបនេះ ពោល គឺដូចពីពេលមុន នៅពេលដែលអាមេរិក បើកការវាយប្រហារទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះ។ គួរបញ្ជាក់ផងដែរថា ភាពតានតឹងបានកើនឡើងមុនពេលនៃការចរចា ដោយសហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះគ្រឿងទីពីរទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលដែលយោធាអាមេរិក ក៏កំពុងត្រៀមរៀបចំសម្រាប់លទ្ធភាពនៃការវាយប្រហារយោធា ប្រសិនបើការចរចាមិនទទួលបានជោគជ័យ។
