ភ្នំពេញ៖
ផ្ទះជួសជុលម៉ូតូមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង និងបន្ត ឆេះរាលដាលទៅដល់ផ្ទះពលរដ្ឋក្បែរខាងចំនួន៣ខ្នងបន្ថែមទៀតនិងឆេះម៉ូតូចំនួន២គ្រឿងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗជាច្រើនគ្រឿង។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទី យប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិតាងួន២ សង្កាត់ កាកាបទី១ ខណ្ឌពោធិសែនជ័យ ររាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ ដោយពួកគាត់បានឃើញផ្សែងហុយចេញពីផ្ទះកើតហេតុយ៉ាងខ្មួលខ្មាញ់លាយឡំនិងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមនោះដែរ ពួកគាត់ក៏នាំគ្នាទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចនាំគ្នាប្រញាប់រត់ទៅប្រមូលសម្ភារៈដែលមានតម្លៃចេញហើយក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយ អន្តរាគមន៍ជាបន្ទាន់។
ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកម្លាំងជំនាញបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់បន្ទាន់។ ក្រោយពីទទួលបានដំណឹងខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿងផងដែរ។
ក្រោយពីកម្លាំងជំនាញប្រតិបត្តិការបាញ់ពន្លត់ចប់ ឃើញថាបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យ អស់ចំនួន២៨គ្រឿង ទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាយប់ថ្ងៃដដែរ ហើយក្នុងករណីខាងលើនេះដែរ មិនបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសនោះទេ ពោលគឺខូចខាតផ្ទះចំនួន៤ល្វែងរួមមានសម្ភារះក្នុងផ្ទះម៉ូតូ២គ្រឿងនិងសម្ភារៈមួយចំនួនផ្សេងទៀត។ចំពោះមូលហេតុនៃការឆេះនេះ សមត្ថកិច្ចធ្វើការកំពុងធ្វើការស្រាវជ្រាវ៕
