ជាទូទៅសារមន្ទីរជាស្ថាប័នមួយដែលមានភារកិច្ចថែរក្សា(អភិរក្ស) សមុច្ច័យជាបុរាណវត្ថុ និងរបស់របរផ្សេងៗ ដែលមានតម្លៃផ្នែកសិល្បៈ,វប្បធម៌,ប្រវត្តិសាស្រ្ត,និងវិទ្យាសាស្រ្ត ដែលត្រូវដាក់តាំងបង្ហាញដល់សាធារណជន តាមរយៈពិព័រណ៍អចិន្រ្តៃយ៍ ឬពិព័រណ៍មានកាលកំណត់។
ការអភិរក្ស និងការរៀបចំទុកដាក់សមុច្ច័យវត្ថុបុរាណ និងវត្ថុសិល្បៈក្នុងសារមន្ទីរ គឺជាការសង្រ្គោះថែទាំ និងបន្តអាយុឱ្យវត្ថុនោះបានរឹងមាំ គង់វង្សយូរអង្វែងតទៅមុខទៀត។
យ៉ាងណាមិញសារមន្ទីរខេត្តកំពង់ឆ្នាំង បានថែរក្សាទុកដាក់សមុច្ច័យជាច្រើន មានជាប្រភេទថ្មភក់,លោហៈ (មាស,សំរឹទ្ធ,ប្រាក់,ស្ពាន់) កុលាលភាជន៍,ឈើ,ជ័រ,ប្រមរ,សាស្រ្តាស្លឹករឹត,និងសៀវភៅ ចាស់ៗ។ ក្រៅអំពីរៀបចំដាក់តាំងវត្ថុបុរាណ វត្ថុសិល្បៈ ជូនសាធារណជនបានចូលទស្សនា សារមន្ទីរខេត្តកំពង់ឆ្នាំង ក៏បានអភិរក្សជាប្រចាំនូវរាល់សមុច្ច័យជាច្រើន ដែលមន្រ្តីជំនាញអាចធ្វើទៅបាន។
កិច្ចការអភិរក្សក្រៅពីជួសជុលវត្ថុបុរាណ វត្ថុសិល្បៈ មន្រ្តីជំនាញនៃសារមន្ទីរខេត្តកំពង់ឆ្នាំង បានទទួលការបណ្តុះបណ្តាលពីមន្រ្តីជំនាញដែលមានបទពិសោធន៍ធ្វើការនៅរោងជាងនៃសារមន្ទីរជាតិកម្ពុជា ជាច្រើនលើកច្រើនសារកន្លងមក។ សម្រាប់ការងារអភិរក្សប្រចាំថ្ងៃ មន្ត្រីសារមន្ទីរបានធ្វើការជូតសម្អាតធូលីដី ស្នាមប្រលាក់ និងស្នឹមតិចតួចលើសមុច្ច័យ ដោយប្រើវិធីសម្អាតទាំងស្ងួត និងសម្អាតសើម ដើម្បីរក្សាសភាពដើម និងការពារការខូចខាតនៃវត្ថុបុរាណ។
សារមន្ទីរខេត្តកំពង់ឆ្នាំង ជាមណ្ឌលប្រមូលផ្តុំបុរាណវត្ថុជាច្រើន ចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យបច្ចុប្បន្ន ដែលបានមកពីបុរាណដ្ឋាន និងរមណីយដ្ឋានប្រាសាទនានាក្នុងខេត្តកំពង់ឆ្នាំង។ សូមជម្រាបថាសារមន្ទីរខេត្តកំពង់ឆ្នាំង ជាតួអាគារមួយខ្នងលាបពណ៌ក្រហម ដែលសង់ជាទម្រង់មានកំពូលបុស្បុកលំអរក្បាច់ជ្វាដងក្តារ ដោយចម្លងតាមលំនាំតួកណ្ដាលរបស់សារមន្ទីរជាតិកម្ពុជា(ភ្នំពេញ)។
សារមន្ទីរនេះសាងសង់ឡើងចាប់តាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៧ នៅក្នុងដីឡូតិ៍របស់មន្ទីរវប្បធម៌ខេត្ត ដែលស្ថិតនៅចំពីមុខសួនបាញ់ទឹកនៃសាលាខេត្តកំពង់ឆ្នាំង ជាប់ផ្លូវជាតិលេខ៥ ក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង៕
