ប្រទេសគុយបា បានប្រកាសផ្អាកការផ្គត់ផ្គង់ប្រេងសម្រាប់វិស័យអាកាសចរណ៍របស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក កាន់តែរឹតត្បិតលើការបញ្ជូនប្រេងទៅកាន់ប្រទេសនេះ។ ចាប់ពីថ្ងៃទី 10 ខែកុម្ភៈ អាកាសយានដ្ឋានសំខាន់ៗចំនួន 9 នៅទូទាំងប្រទេស រួមទាំងអាកាសយានដ្ឋានអន្តរជាតិ ចូសេ ម៉ាទី នៅក្នុងរដ្ឋធានី ហាវ៉ាណា នឹងផ្អាកការផ្គត់ផ្គង់ប្រេងឥន្ធនៈ រហូតដល់ថ្ងៃទី 11 ខែមីនាខាងមុខ ហើយជើងហោះហើរអន្តរជាតិទាំងអស់ បច្ចុប្បន្នត្រូវតែមានប្រេងគ្រប់គ្រាប់សម្រាប់ការធ្វើដំណើរទៅមករបស់ពួកគេ ខណៈដែលជើងហោះហើរក្នុងស្រុក ត្រូវបានផ្អាកទាំងស្រុង។ ប្រទេសគុយបា ដែលជាប្រទេសកោះធំជាងគេនៅក្នុងតំបន់ការ៉ាប៊ីន ពឹងផ្អែកយ៉ាងខ្លាំងទៅលើការធ្វើដំណើរតាមផ្លូវអាកាសដើម្បីរក្សាការតភ្ជាប់ទៅនឹងពិភពលោកខាងក្រៅ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាង 30 តែងតែធ្វើដំណើរទៅមក តភ្ជាប់ប្រទេសគុយបាជាមួយសហរដ្ឋអាមេរិក អេស្ប៉ាញ ម៉ិកស៊ិកូ ប៉ាណាម៉ា និងគោលដៅផ្សេងទៀត។
