កំពង់ស្ពឺ ៖
សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានប្រកាសរកសាច់ញាតិក្រុមគ្រួសារជនបរទេសម្នាក់ ដែលបានស្លាប់មិនទាន់ដឹងមូលហេតុច្បាស់លាស់ និងមិនទាន់ស្គាល់អត្តសញ្ញាណ ហើយ សព ត្រូវបានតម្កល់ទុកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការងទទួលផែនព្រហ្មទណ្ឌ បាននិយាយឲ្យក្រុមអ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃទី១៧ ខែកម្ភ: ឆ្នាំ២០២៦ ថា÷ជនបរទេសម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មិនទាន់ដឹងមូលហេតុ និងមិនមានអ្នកស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ ក្នុងនាមលោកជាសមត្ថកិច្ច សម្រេចប្រកាសរកសាច់ញាតិនិងក្រុមគ្រួសារមកទទួលយកសពតម្កល់នៅសាលមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
លោកស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានបន្តទៀតថាតាមរយៈការពិនិត្យសាកសពជនបរទេសដែលតម្កល់នៅក្នុងសាលរក្សាសពរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ សពជាមនុស្សប្រុស ពាក់អាវយឺត ពណ៌ស ស្លៀកខោទឹកនោម កម្ពស់១,៧៥ម៉ែត្រ។
សព មានសភាពរឹង, ស្លាកស្នាមផ្នែកក្បាល មានស្នាមជាំលលាដក្បាលផ្នែកខាងក្រោយទំហំ១១សង់ទីម៉ែត្រ(11cm) គុណនិង៦សង់ទីម៉ែត្រ (6cm) ដងខ្លួននិងអវយវៈពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ។
យោងតាមលិខិតមរណភាពរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានសន្និដ្ឋានថាសពជនបរទេសរូបនោះ បានស្លាប់ដោយប៉ះទង្គិចក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ហើយ សពក្រោយពិនិត្យចប់ ត្រូវបានរក្សាទុកក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ៕
