ភ្នំពេញ៖ លោក គួច ហុងចៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូបានគូសបញ្ជាក់ថា ការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈការប្រកួតប្រជែងឆ្នាំថ្មីនេះបានជំរុញបន្ថែមដល់ការវាស់ស្ទង់គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីចូលរួមទាំងអស់ ព្រមទាំងបានពង្រឹងសមត្ថភាពវិជ្ជាជីវៈមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលឱ្យកាន់តែល្អប្រសើរក្នុងពេលដំណាលគ្នានេះផងដែរ។

ប្រធានស្តីទីសហព័ន្ធបានសង្កត់ធ្ងន់ថា ការប្រកួតកីឡាហាប់គីដូជើងឯកថ្នាក់ជាតិនេះអាចដំណើរការទៅបានអាស្រ័យដោយមានការចូលរួមថវិកាឧបត្ថម្ភពីសមាជិកប្រតិបត្តិសហព័ន្ធ សប្បុរសជន និងបណ្តាក្រុមហ៊ុននានា ទើបសហព័ន្ធខ្មែរកីឡាហាប់គីដូ អាចរៀបចំការប្រកួតកីឡាហាប់គីនេះឡើងបាន ស្របតាមផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន ក្នុងគោលបំណងវាស់ស្ទង់សមត្ថភាពរបស់ កីឡាករ កីឡាការិនីដែលបានហ្វឹកហាត់ប្រចាំថ្ងៃ ក៏ដូចជាពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈបន្ថែមចំណេះដឹងបទពិសោធន៍ដល់មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលឱ្យកាន់តែមាន ប្រសិទ្ធភាពក្នុងការសម្រេចចិត្តកាត់សេចក្តីលើទីលានប្រកួត។

លោក គួច ហុងចៀក បានបន្ថែមថា ការប្រកួតថ្នាក់ជាតិនេះពិតជាមានសារៈសំខាន់ ដែលជាការដុសខាត់ និងវាស់ស្ទង់កម្រិតបច្ចេកទេស ដែលទទួលបានពីការប្រកួតប្រជែងគ្នា និងបានអភិវឌ្ឍនូវចំណេះដឹងថ្មីៗបន្ថែមទៀត។ ជាការពិត ទាំងកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសទាំងអស់ ត្រូវតែមានបទពិសោធន៍ខ្ពស់តាម កម្រិតស្តង់ដារ ទើបអាចឈានទៅកាន់ការប្រកួតថ្នាក់អន្តរជាតិ និងចូលរួមកាត់សេចក្តីនៅ ក្នុងព្រឹត្តិការណ៍ប្រកួតបានដោយភាពជឿជាក់។ ហេតុដូច្នេះហើយ ទើបសហព័ន្ធបានដាក់ចេញនូវផែនការសកម្មភាពរបស់ខ្លួន ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ដើម្បីឱ្យពួកគាត់ទទួលបាននូវជំនាញបច្ចេកទេសអាចឆ្លើយតបបានទៅនឹងកម្រិតនៃព្រឹត្តិការណ៍ប្រកួតប្រកបដោយប្រសិទ្ធិភាព។

ជាមួយគ្នានេះ លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូបានជម្រាបជូនថា ការប្រកួតកីឡាហាប់គីដូ ជើងឯកថ្នាក់ជាតិ លើកទី៣ ឆ្នាំ២០២៥បានបញ្ចប់ទៅប្រកបដោយជោគជ័យ ក្នុងនោះមានការចូលរួមពី៦សមាគម-ក្លឹប ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ៨៨នាក់ ក្នុងនោះមានកីឡាករ ៤០នាក់ និងកីឡាកា រិនី ៣៦នាក់ ប្រកួតលើ២៣វិញ្ញាសា។ ជាមួយគ្នានេះ គណៈកម្មការបច្ចេកទេសក៏សម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើវិញ្ញាសាទាំង២៣ផងដែរ។

អគ្គលេខាធិការគូសបញ្ជាក់ថា ការប្រកួតកីឡាហាប់គឺដូ ជើងឯកថ្នាក់ជាតិនេះ គឺជាការផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីម្នាក់ៗបានជួបជុំគ្នា ដើម្បីបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផល បច្ចេកទេសដែលបានហ្វឹកហាត់កន្លងមកប្រកួតប្រជែងគ្នា។ លោកបានថ្លែងអំណរគុណដល់ក្រុមហ៊ុនឡាវីតា ក្រុមហ៊ុន ROCKET ក្រុមហ៊ុន SAKURA ក្រុមហ៊ុន Family Cabinet សមាជិកប្រតិបត្តិសហព័ន្ធ និងបណ្តាសប្បុរជន ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការការចូលរួមលើកទឹកចិត្ត ឧបត្ថម្ភគាំទ្រ ដែលជាថាមពលដ៏ខ្លាំងក្លា ដើម្បីជំរុញដល់ការអភិវឌ្ឍកីឡាហាប់គឺដូកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀតផងដែរ៕
