លោកប្រធានាធិបតីប្រទេសចិន ស៊ី ជីនពីង និងលោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះចំណងមិត្តភាពរបស់ពួកគេ អំឡុងពេលនៃការជជែកតាមប្រពន្ធ័អីនធឺណេតកាលពីថ្ងៃពុធ ទី4 ខែកុម្ភៈ។ លោកប្រធានាធិបតី ពូទីន បានថ្លែងថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ-ប៉េកាំង គឺជាកត្តាស្ថិរភាពដ៏សំខាន់មួយ នៅពេលដែលមានការកើនឡើងភាពចលាចលទូទាំងពិភពលោក ព្រមទាំងបានកោតសរសើរភាពជាដៃគូថាមពលជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលបានផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ជំនួយការវិមានក្រឹមឡាំង លោក យូរី អ៊ូសាខូហ្វ បានបញ្ជាក់ថា បន្ទាប់ពីកិច្ចសន្ទនារយៈពេល 1 ម៉ោង 25 នាទីរវាងលោកប្រធានាធិបតីពូទីន និងស៊ី ជីនពីង លោកប្រធានាធិបតី ពូទីន បានទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ គួរបញ្ជាក់ផងដែរថា ជំនួបផ្ទាល់មុខចុងក្រោយបំផុតរវាងមេដឹកនាំទាំងពីរនេះ គឺនៅក្នុងទីក្រុងប៉េកាំង នៅពេលដែលប្រទេសចិនបានរៀបចំពិធីដង្ហែរក្បួនយោធាដ៏ធំសម្បើមមួយកាលពីខែកញ្ញា ឆ្នាំមុន ដែលពេលនោះ ក៏មានការចូលរួមពីមេដឹកនាំប្រទេសកូរ៉េខាងជើង លោកគីម ជុងអ៊ុន ផងដែរ។
