មន្ត្រីតំណាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី នឹងពិភាក្សាគ្នានៅក្នុងទីក្រុងហ្សឺណែវនៅថ្ងៃអង្គារ ទី17 និងថ្ងៃពុធ ទី18ខែកុម្ភៈនេះ សម្រាប់កិច្ចចរចាសន្តិភាពជុំថ្មីដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលទំនងជានឹងផ្តោតលើបញ្ហាទឹកដី ដែលជាចំណុចខ្ទាស់យ៉ាងសំខាន់នោះ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា "ការចរចារនេះ គឺងាយស្រួលបំផុត" ប្រសិនបើ "អ៊ុយក្រែនយល់ព្រមលើកិច្ចព្រមព្រៀង"។ លោកប្រធានាធិបតី ត្រាំ កំពុងជំរុញឲ្យទីក្រុងមូស្គូ និងទីក្រុងគៀវ ឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបិទបញ្ចប់សង្គ្រាមដ៏ធំមួយនេះ បើទោះបីជាលោកប្រធានាធិបតី ហ្សេលេនស្គី បានបញ្ជាក់ថា ប្រទេសរបស់លោកកំពុងប្រឈមមុខនឹងសម្ពាធដ៏ធំបំផុតក្នុងការធ្វើសម្បទានក៏ដោយ ខណៈដែលរុស្ស៊ី កំពុងទាមទារឲ្យអ៊ុយក្រែនប្រគល់ទឹកដីដែលនៅសល់ 20% នៃតំបន់ភាគខាងកើតនៃទីក្រុងដូញ៉េត ជាអ្វីដែលទីក្រុងគៀវ បដិសេធនោះ។ បច្ចុប្បន្ន ប្រទេសរុស្ស៊ីកាន់កាប់ប្រមាណ 20% នៃទឹកដីរបស់ប្រទេសអ៊ុយក្រែន រួមទាំងតំបន់គ្រីមៀ និងផ្នែកខ្លះនៃតំបន់ដុនបាស ដែលត្រូវបានរឹបអូសមុនពេលនៃការឈ្លានពានកាលពីឆ្នាំ 2022។ សង្រ្គាមដែលមានរយៈពេល 4 ឆ្នាំមួយនេះ បានសម្លាប់ជិវិតមនុស្សរាប់ម៉ឺននាក់ រាប់លាននាក់ទៀតត្រូវភៀសខ្លួន ខណៈដែលទីក្រុងជាច្រើនក្នុងប្រទេសអ៊ុយក្រែន រងការបំផ្លិចបំផ្លាញទាំងស្រុង។