ភ្នំពេញ៖ ពិធីចាប់ឆ្នោតផ្លូវការសម្រាប់វគ្គជម្រើសជើងឯក នៃអ៊ី-ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ បានប្រារព្ធឡើងនៅការិយាល័យក្រុមហ៊ុន ខេមបូឌា ព្រីមៀរលីគ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានកំណត់ជាផ្លូវការក្រុមដែលត្រូវជួបគ្នានៅវគ្គជម្រុះ (Play-off) ដើម្បីបន្តប្រកួតដណ្ដើមជើងឯក។

វគ្គជម្រុះ (Play-off) នៃអ៊ី-ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ មានសរុបចំនួន ៦ ក្រុម ដែលមានពិន្ទុខ្ពស់បំផុតពីវគ្គសន្សំពិន្ទុ (League Stage)។ ក្នុងនោះ ក្រុមចំណាត់ថ្នាក់លេខ ១ និងលេខ ២ ត្រូវបានចាប់ឆ្នោតកំណត់ទីតាំង B1 និង B2 ហើយទទួលបានសិទ្ធិឡើងទៅប្រកួតនៅ Upper Bracket ដោយស្វ័យប្រវត្តិ។ ចំណែកឯក្រុមចំណាត់ថ្នាក់លេខ ៣ ដល់លេខ ៦ ត្រូវបានចាប់ឆ្នោតកំណត់ទីតាំង A1, A2, A3 និង A4 ដើម្បីចាប់ផ្តើមការប្រកួតវគ្គជម្រុះ (Play-off) តាមរយៈគូប្រកួត A1 vs A2 និង A3 vs A4។


ក្រុមដែលទទួលបានជ័យជម្នះនៅវគ្គ Play-off នឹងឡើងទៅជួបក្រុមនៅ Upper Bracket ខណៈក្រុមដែលចាញ់ នឹងបន្តប្រកួតនៅ Lower Bracket។ ក្រុមណាដែលចាញ់នៅ Upper Bracket នឹងធ្លាក់ទៅ Lower Bracket ខណៈក្រុមណាដែលចាញ់នៅ Lower Bracket នឹងត្រូវបញ្ចប់ដំណើរការប្រកួតជាផ្លូវការ។ រូបមន្តប្រកួតនេះត្រូវបានអនុវត្តដូចគ្នាទាំងលើវិញ្ញាសាតេឡេបញ្ជា និងទូរសព្ទដៃ។ សម្រាប់វគ្គដណ្ដើមជើងឯក ក្រុមឈ្នះពី Upper Bracket Final នឹងត្រូវជួបប្រកួតជាមួយក្រុមឈ្នះពី Lower Bracket Final ដើម្បីកំណត់ម្ចាស់ជើងឯក អ៊ី-ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ជាផ្លូវការ៕

